(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមការងារជំនាញរបស់ក្រសួងសុខាភិបាល កំពុងចុះទៅពិនិត្យ និងស្រាវជ្រាវ លើករណីពុលស្រានៅស្រុកស្នួល ខេត្តក្រចេះ ដែលបណ្ដាលឲ្យស្លាប់២នាក់ និងធ្លាក់ខ្លួនឈឺ៤៨នាក់ផ្សេងទៀត។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូច្នេះថា «ករណីពុលស្រានៅខេត្តក្រចេះ ឥលូវនេះក្រុមអ្នកជំនាញរបស់ក្រសួងសុខាភិបាល កំពុងតែចុះទៅស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់។ ការចុះទៅស្រាវជ្រាវនេះ ដឹកនាំដោយលោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល»។
សូមបញ្ជាក់ថា អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ករណីមនុស្សស្លាប់២នាក់ និងធ្លាក់ខ្លួនជិត៥០នាក់ នៅស្រុកស្នួល ខេត្តក្រចេះ តាមរោគសញ្ញាជាការពុលស្រាសប្រាកដមែន។ តែយ៉ាងណានោះវត្ថុវិភាគត្រូវបានមន្រ្តីជំនាញ បានយកមកពិសោធន៍នៅមន្ទីរពិសោធន៍ថ្នាក់ជាតិ ដើម្បីបញ្ជាក់កាន់តែច្បាស់។
យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង៤៨នាក់ផ្សេងទៀត ធ្លាក់ខ្លួនឈឺហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសង្ស័យពុលស្រាស នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តក្រចេះ បានឲ្យដឹងថា តាមព័ត៌មានជំហ៊ានដំបូង គឺពួកគាត់ចូលរួមបុណ្យសពនៅភូមិឃុំកើតហេតុ ហើយនាំគ្នាផឹកស្រាសស្រាថ្នាំបានមានអាការៈធីងធូង វិលមុខ ណែនដើមទ្រូង ស្រវាំងភ្នែក ឈឺក្បាល។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធករណីនេះលោក គង់ គឹមនី អភិបាលស្រុកស្នួល បានបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ អ្នកជំងឺបានធូរស្រាល និងបានចេញពីមន្ទីរពេទ្យជាបណ្ដើរៗហើយ ដោយនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅសល់តែ២៥នាក់ប៉ុណ្ណោះ។
តាមមេភូមិស្នួលកើត លោក កូយ អ៊ិន បានឲ្យដឹងថា រយៈពេល២ថ្ងៃមកនេះ ប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់ បានទៅធ្វើចំការនៅភ្នំព្រេច ស្រាប់តែបានសត្វទន្សងមួយក្បាល ក៏បាននាំគ្នាក្លែមជាមួយស្រាស មានគ្នាប្រហែល១០នាក់ ស្រាប់តែមានអ្នកស្លាប់២នាក់ (ម្នាក់នៅក្នុងភូមិ និងម្នាក់ទៀតនៅភ្នំទួលព្រេច)។ បន្ទាប់ពីបានស្លាប់ហើយ ប្រជាពលរដ្ឋនៅក្នុងភូមិ បានទៅកំដរបុណ្យសព ដោយយកស្រាសពីភ្នំទួលព្រេច រហូតមានអ្នកធ្លាក់ខ្លួនឈឺតែម្តង៕