(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋដែលមានបញ្ហាផ្នែកសុខភាពទាំង២០ភូមិ ក្នុងឃុំតាលោ ស្រុកបាកាន បានអញ្ជើញមកជួបជុំគ្នានៅសាលាបឋម និងអនុវិទ្យាល័យរហាទិល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីមកពិនិត្យ ព្យាលបាលជំងឺ ដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំដោយវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមតំណាង លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា បន្ទាប់ពីបានទទួលនូវសំណូមពរ ពីសំណាក់ប្រជាពលរដ្ឋដែលមានបញ្ហាផ្នែកសុខភាព ទាំង២០ភូមិ ក្នុងឃុំតាលោ ស្រុកបាកាន កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាលនៅអនុវិទ្យាល័យតាលោនោះ លោកបានទំនាក់ទំនងជាមួយ លោក ហ៊ុន ម៉ាណែត ហើយត្រូវបានលោកបញ្ជូន ក្រុមគ្រូពេទ្យដែលមាន៤៥០នាក់ មកកាន់ទីនេះ ដើម្បីពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
បើតាមលោកអភិបាលខេត្ត នេះគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន ចំពោះប្រជាពលរដ្ឋ ជាពិសេសចំពោះអ្នកដែលមានបញ្ហា ផ្នែក សុខភាព ត្រូវមកពិនិត្យ និងព្យាបាល។ ក្នុងនាមរដ្ឋបាលខេត្ត លោកអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាផ្នែកសុខ ភាពទូទាំងឃុំតាលោ សូមអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺ ដើម្បីជួយសម្រាលការលំបាក និងមិនចំណាយថវិកាទៅព្យាលបាល នៅតាមមន្ទីរពេទ្យនានា ព្រមទាំងបានថ្លែងនូវអំណរគុណចំពោះក្មួយៗ ស្ថិតនៅក្នុងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ដែលជាទង្វើដ៏ល្អប្រពៃដោយចាត់ទុកថា ជាអ្នកគិតគូរសុខទុក្ខប្រជាពលរដ្ឋពិតប្រាកដមែន។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានបញ្ជាក់ថា នេះគឺជាលើកទី៤ហើយ ដែលសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ គឺនៅស្រុកក្រគរចំនួន២លើក និងស្រុកកណ្តៀង១លើក។
សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ គិតមកដល់ពេលនេះ មានអាយុកាលជាង៤ឆ្នាំមកហើយ ដែលតែងតែធ្វើសកម្មភាពមនុស្សធម៌ តាមរយៈពិនិត្យ និងព្យាលជំងឺជូនប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពគ្រប់ទីកន្លែង មិនប្រកាន់អំពីនិន្នាការអ្វីឡើយ។ លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា សម្រាប់លើកទី៤នេះ ផ្តោតសំខាន់ទៅលើជំងឺទូទៅ អេកូស្ត្រីមានផ្ទៃពោះ និងជំងឺមាត់ធ្មេញ ជាលទ្ធផលឃើញថាអ្នកដែលមានបញ្ហាសុខភាព បានមកពិនិត្យ និងព្យាបាលមានចំនួន៤,០៣០នាក់ ក្នុងនោះស្រី២,៧០០នាក់។
សូមបញ្ជាក់ថា ស្រុកបាកាន មានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន១ គ្រប់គ្រងមន្ទីរពេទ្យបង្អែក១ មាន១១ មណ្ឌលសុខភាព និងមានបុគ្គលិក១៣៥នាក់។ ក្នុងរយៈពេល៦ខែដើម ឆ្នាំ២០១៨នេះ ពិគ្រោះជំងឺជូនប្រជាពលរដ្ឋ បានជាង៤២ពាន់នាក់ ពិគ្រោះជំងឺកុមារជិត១៣ពាន់នាក់ ពិនិត្យស្ត្រីមានផ្ទៃពោះជាលើកទី៤ បាន១,៧១១នាក់ សម្រាលកូននៅក្នុងមូលដ្ឋានសុខាភិបាល ចំនួន១,០៤១នាក់ ពិនិត្យថែទាំក្រោយពេលសម្រាល បាន១,០៩៨នាក់ ចាក់ថ្នាំវ៉ាកសាំងដល់កុមារបាន១,៨១០នាក់ និងទទួលព្យាបាលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យចំនួន២,១៦៥នាក់៕