(បាត់ដំបង)៖ សហគមន៍ខ្មែរឥស្លាម ត្រូវបានគេដឹងថា គឺជាអ្នកដែលតែងតែគាំទ្រគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយសំឡេងឆ្នោតរបស់ពួកគាត់ ដែលបោះឆ្នោតជូនគណបក្សកាន់អំណាចមួយនេះ រៀងរាល់អាណត្តិ គឺមានកម្រិតខ្ពស់ ពីជាង៧០ភាគរយ ដល់ជាង៨០ភាគរយ ហើយក៏មានតំបន់មួយចំនួនបានគាំទ្រដល់ទៅជាង៩០ភាគ ឬជិតតែ១០០ភាគរយតែម្តង។
លោក អូស្មាន ហាស្សាន់ បានរំលឹក និងផ្តល់កម្លាំងចិត្តដល់សងគមន៍ខ្មែរឥស្លាម ឲ្យរួមគ្នារក្សាកម្លាំងចាស់ ហើយមានការប្រកួតប្រជែង ជាមួយសហគមន៍ខ្មែរឥស្លាម អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅបណ្តាខេត្តផ្សេងៗ ធ្វើយ៉ាងណាព្យាយាមពន្យល់អ្នកឯទៀត ក្នុងមូលដ្ឋានរបស់ខ្លួន ដែលមិនទាន់បានយល់ ឬអាកអន់ចិត្តដោយសារតែមន្រ្តីថ្នាក់ក្រោមខ្លះ ផ្តល់ភាពកង្វល់ដល់គាត់ ដោយត្រឡប់មករួមរស់ជាមួយម្លប់តែមួយ របស់គណបក្សប្រជាជនកម្ពុជាវិញ។
ការអំពាវនាវនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ក្នុងជំនួបសំណេះសំណាលជាមួយសមាជិកគណៈចលនាខេត្តបាត់ដំបង សកម្មជន និងតំណាងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជាជាច្រើនកុះករ ដែលធ្វើឡើងនៅភូមិចិនដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងនៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
តំណាងសហគមន៍ខ្មែរឥស្លាមខេត្តបាត់ដំបង លោក ម៉ាន មូសា បានលើកឡើងថា ព្រោះកត្តាចម្បងដែលពួកគាត់គាំទ្រគណបក្សប្រជាជន ដោយមិនងាករេ ព្រោះពួកគាត់ចង់បានការរួមរស់ដោយសុខដម្មនីយកម្ម និងការផ្តល់ភាពកក់ក្តៅ ផ្តល់សិទ្ធិសេរីភាពស្មើគ្នា ពីសំណាក់ប្រមុខរាជរាជរដ្ឋាភិបាល ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ។
ក្រៅពីកត្តារួមរស់ដោយសុខដម្មនីយកម្ម លោក ម៉ាន មូសា បានបញ្ជាក់ថា ក្រោមស្នាដៃកសាងជាតិមាតុភូមិ ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យមានការអភិវឌ្ឍគ្រប់វិស័យ ហើយកំណើនសេដ្ឋកិច្ចជាមធ្យម៧ភាគរយ ជាសមិទ្ធផលដ៏វិសេសវិសាល ក្នុងការទទួលបានការគាំទ្រ ដោយឥតងាករេពីសហគមន៍របស់ពួកគាត់។
បន្ថែមពីនេះ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា សម្តែងសុទិដ្ឋិនិយមលទ្ធផលជាវិជ្ជមាន ដែលជនរួមជាតិភាគច្រើន និយាយដោយរួម ក៏ដូចជាសហគមន៍ខ្មែរឥស្លាម និយាយដោយឡែក ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការជ្រើសរើស គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានផ្តល់ទំនុកចិត្ត ជូនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដឹកនាំនាវាសន្តិភាពមួយនេះ ដែលជាការរួមសុខ រួមទុក្ខដើម្បីជាតិយើងតែមួយ៕