(ត្បូងឃ្មុំ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្ដជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាង៥០០នាក់ សម្រាប់ឱកាសនៃ យុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយដែលកំពុងប្រព្រឹត្តទៅ។
សម្តេចពញាចក្រី ហេង សំរិន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំខាងផ្នែកនយោបាយ និងមានប្រវត្តិក្នុងការតស៊ូរំដោះប្រទេសជាតិ ដឹកនាំកសាងជាតិជាយូរណាស់មកហើយ។ ដូច្នេះមន្ត្រីសមាជិក សមាជិកាទាំងអស់ត្រូវរួមគ្នាក្នុងការថែរក្សាតម្លៃ និងស្នាដៃរបស់គណបក្សឲ្យបានស្ថិតស្ថេរ គង់វង្សតទៅ តាមរយៈការស្រឡាញ់ ការគាំទ្រ និងការផ្តល់ទំនុកចិត្តពីពលរដ្ឋម្ចាស់ឆ្នោត។
សម្តេចប្រធានកិត្តិយសគណបក្ស បានគូសបញ្ជាក់ថា ដើម្បីអាចទទួលបានការស្រឡាញ់ ការគាំទ្រ និងការផ្តល់ទំនុកចិត្តពីពលរដ្ឋម្ចាស់ឆ្នោតបាន លុះត្រាតែ មន្ត្រីបក្សគ្រប់ជាន់ថ្នាក់ រួមទាំងសមាជិក សមាជិកទាំងអស់ ត្រូវធ្វើនូវអំពើល្អជាមួយប្រជាពលរដ្ឋ ជាពិសេសអ្នកបម្រើប្រជាពលរដ្ឋ ដែលជាមនុស្សរបស់បក្សកាន់អំណាច ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលខ្លួនកំពុងបំពេញការងារភារកិច្ច។ បើមិនដូច្នោះទេ ពលរដ្ឋនឹងស្អប់ និងមិនបោះឆ្នោតជូនគណបក្សឡើយ នេះមានន័យថា មន្ត្រីអាក្រក់ មន្ត្រីខិលខូច បានជះឥទ្ធិពលមិនល្អមកលើគណបក្ស គឺជាប្រការដែលត្រូវជៀសវាងជាដាច់ខាត។
សម្តេចបានបញ្ជាក់បន្ថែមថា គណបក្សបានខិតខំច្រើនណាស់មកហើយ ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា ដូច្នេះសូមចូលរួមរក្សាការឈ្នះទាំងអស់គ្នា ដើម្បីគណបក្សបានបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត។ សម្តេចបានជំរុញឲ្យសមាជិក សមាជិកា ក៏ដូចជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតនៅទូទាំងប្រទេស ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ៕