(ភ្នំពេញ)៖ លោក ឃ្លាំង ហួត ប្រធានគណបក្សប្រជាជនខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារបក្សខណ្ឌ-សង្កាត់-ភូមិ ទូទាំងខណ្ឌជ្រោយចង្វារ បានបន្តបើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោតធំលើកទី២ និងបន្តចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដល់ខ្នងផ្ទះ។
នៅក្នុងឱកាសនោះលោក ឃ្លាំង ហួត ក៏បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
គួរជម្រាបថា នៅព្រឹកមិញនេះ គណបក្សប្រជាជនកម្ពុជាទាំង១២ខណ្ឌ បានបន្តបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ទ្រង់ទ្រាយធំជាលើកទី២ ដោយបានជួបជុំគ្នានៅមជ្ឈមណ្ឌល និងពិព័រណ៌កោះពេជ្រ ដោយមានការចូលរួមពីអ្នកគាំទ្រ ប្រមាណ១៥,០០០នាក់។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង។ កាលពីថ្ងៃទី០៧ ខែកក្កដា ដែលជាថ្ងៃបើកឆាកដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ជាមួយការប្រារព្ធខួបទី៦៧ នៃខួបកំណើតគណបក្សប្រជាជនកម្ពុជា ក៏បានជួបជុំ និងរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រនេះដែរ ដោយធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស ដោយមានការចូលរួមពីសមាជិកចូលរួម ប្រមាណជាង៦ម៉ឺននាក់ មកពី១២ខណ្ឌក្នុងរាជធានីភ្នំពេញ៕