(ស្វាយរៀង)៖ ថ្លែងនៅក្នុងធីពីអបអរខួបលើកទី២៥ឆ្នាំ របស់កងរាជអាវុធហត្ថ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានដាក់ចេញនូវបទបញ្ជាចំនួន៤ចំណុច ដល់កងរាជអាវុធហត្ថ ដើម្បីអនុវត្តនៅមុនពេល និងអំឡុងពេល បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨នេះ។
បទបញ្ជាទាំង៤ចំណុចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ រួមមាន៖ ទី១៖ កងរាជអាវុធហត្ថ ត្រូវពង្រឹងការការពារសន្តិភាព ស្ថិរភាពនយោបាយ, ទី២៖ រួមគ្នាធានាឱ្យបានការបោះឆ្នោត ដែលដំណើរការដោយសេរី យុត្តិធម៌ ដែលច្បាប់បោះឆ្នោតបានតម្រូវ, ទី៣៖ បន្តលើកកម្ពស់ការថែរក្សាសុខសន្តិភាព សាធារណៈ តាមរយៈការពង្រឹងវិន័យ សីលធម៌ ឱ្យសង្គមកាន់តែមានស្ថិរភាព និងទី៤៖ កងរាជអាវុធហត្ថ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន ក្រសួង និងប្រទេសជាមិត្ត ធ្វើយ៉ាងណាសំដៅ ធ្វើឱ្យប្រទេសរីកចម្រើន និងជីវភាពប្រជាពលរដ្ឋ កាន់តែរីកចម្រើន។
រដ្ឋមន្ត្រីការពារជាតិ បានដាក់ចេញនូវបទបញ្ជាបែបនេះ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសសម្តេចបានអញ្ជើញចូលរួម ក្នុងពិធីខួបលើកទី២៥ ទិវាកងរាជអាវុធហត្ថ និងសម្ភោធដាក់ឱ្យប្រើប្រាស់អគារល្អប្រណិតចំនួនពីរអគារ និងសមទ្ធិផលនានា ដែលចំណាយថវិការអស់ជាង២លានដុល្លារ នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង។
ពិធីនេះ មានការចូលរួមពីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងអស់លោក លោកស្រី ជានាយឧត្តមសេនីយ៍ នាយទាហានពលទាហាន និងពលអាវុធហត្ថជិត៦០០នាក់។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអបអរសាទរផងដែរ ចំពោះសកម្មភាព របស់កងរាជអាវុធហត្ថ ដែលបានអនុវត្តកន្លងមក ដោយបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈទាំងអស់ ក្នុងការការពារជាតិមាតុភូមិ។
សម្តេចបានលើកឡើងដែរថា ការប្រារព្ធពិធីអបអរសាទរនាថ្ងៃនេះ គឺជាការលើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ចំពោះកងរាជអាវុធហត្ថ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ដើម្បីពង្រឹងបន្ថែមទៀត នូវការថែរក្សាសុខសន្តិភាព។ សម្តេចថា សុខសន្តិភាពនេះហើយ ដែលបានធ្វើឱ្យប្រទេសរីកចម្រើន ដូចបច្ចុប្បន្ន។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក៏បានអំពាវនាវឱ្យកងកម្លាំងប្រដាប់ទាំងអស់ត្រូវស្មោះត្រង់ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស និងត្រូវរក្សាសុខសន្តិភាពឱ្យស្ថិតស្ថិរគង់វង្សយូរអង្វែង មានសន្តិភាព ទើបយើងមានឱកាសអភិវឌ្ឍ ប្រទេសឱ្យរីកចម្រើនលើកគ្រប់វិស័យ។
សម្តេចពិជ័យសេនា ក៏បានជំរុញដល់កម្លាំងទាំងអស់ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឱ្យបានគ្រប់ៗ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ និងពេញចិត្តក្នុងការទទួលបានសមទ្ធិផលជាច្រើនទៀត៕