(ភ្នំពេញ)៖ លោក យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាល ជាមួយមេគ្រួសារបក្សនៅក្នុងឃុំអង្កាញ់ និងឃុំព្រៃកប្បាស ប្រមាណជាង២,០០០នាក់។
ការចុះសំណេះសំណាលនេះ ក៏អមដំណើរដោយ លោក កែវ រ៉េមី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស, លោក ហែម សាឯម និងលោក ហង្ស ម៉ើន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំអង្កាញ់ និងឃុំព្រៃកប្បាស ព្រមទាំងលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក និងឃុំទាំងពីរជាច្រើនរូបទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក យឹម ណុលឡា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គប្រជុំ និងលើកឡើងពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍ លើកទី៦៧ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ក្នុងនោះមានគោលការណ៍ធំៗទាំង៥ ជាយុទ្ធសាស្រ្តនៅក្នុងកម្មវិធីនយោបាយសម្រាប់កសាង និងការពារមាតុភូមិ (២០១៨-២០២៣) និងមូលហេតុចម្បង៦ចំណុច ដែលនាំឲ្យពលរដ្ឋខ្មែរគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលុប។
ជាមួយគ្នានោះដែរ លោក យឹម ណុលឡា បានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិភាពប្រទេសជាតិ ដែលគ្រប់របបគ្រប់ដំណាក់កាល ដែលលោកបានឆ្លងកាត់ ការស្វែងរកសន្តិភាព ការកសាងសន្តិភាពពេញលេញ និងការរក្សាការពារសន្តិភាព វាទាមទារនូវការប្តេជ្ញាប្តូរផ្តាច់ ហើយបើគ្មានសន្តិភាពទេ ក៏គ្មានអ្វីៗទាំងអស់។
សូមបញ្ជាក់ថា បន្ទាប់ពីស្តាប់ខ្លឹមសារទាក់ទងនឹងការលើកឡើងខាងលើរបស់ លោក យឹម ណុលឡា រួចហើយ មេគ្រួសារបក្សទាំងអស់មានចិត្តរីករាយ និងបង្ហាញការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ហើយប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទៀតផង៕