(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០១៨នេះ ធនាគារជាតិនៃកម្ពុជា សម្រេចបិទគ្រឹះស្ថានឥណទានជនបទ ដែលប្រតិបត្តិក្នុងប្រទេសកម្ពុជាចំនួន៥០ ដោយសារតែគ្រឹះស្ថានទាំងនោះ មិនគោរពតាមបទបញ្ញាតិ្ត និងច្បាប់ របស់ធនាគារជាតិនៃកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ។
គ្រឹះស្ថានឥណទានជនបទចំនួន៥០ដែលត្រូវបានសម្រេចបិទ មិនឲ្យបន្ដប្រតិបត្តិការនេះ ធនាគារជាតិនៃកម្ពុជា មិនទាន់បានបញ្ជាក់ឈ្មោះគ្រឹះស្ថាននីមួយៗនៅឡើយទេ។
ថ្លែងក្នុងឱកាសនោះ លោក ជា ចាន់តូ បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា បានខិតខំដាក់ចេញនូវ វិធានការម៉ាក្រូប្រុងប្រយ័ត្នជាបន្ដបន្ដាប់ដូចជា ការកំណត់ទ្រនាប់ដើមទុន ការគ្រប់គ្រងហានិភ័យឥណទាន និងសន្ទនីយភាព និងការពង្រឹងការផ្ដល់វិញ្ញាបនបត្រចំពោះគ្រឹះស្ថានឥណទានជនបទជាដើម សំដៅកាត់បន្ថយការប្រែប្រួល ទៅតាមវដ្ដសេដ្ឋកិច្ច និងបង្កើនភាពរឹងមាំនៃវិស័យធនាគារ។
លោកបានឲ្យដឹងថា «ក្នុងឆមាសទី១នេះ សេដ្ឋកិច្ចកម្ពុជា បានបន្ដរីកចម្រើនជាបន្ដបន្ទាប់ ពិសេសលើវិស័យនាំចេញ និងទេសចរណ៍ ជាមួយនឹងកំណើនដ៏រឹងមាំនៃវិស័យសំណង់ និងការបន្ដងើបនៃវិស័យកសិកម្ម ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចបន្ដកើនឡើងយ៉ាងឆាប់រហ័ស»។
លោកក៏បានបញ្ជាក់ទៀតថា ធនាគារជាតិនៃបានបង្កើនការយកចិត្តទុកដាក់ លើការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន តាមរយៈការផ្សព្វផ្សាយការអប់រំនានា ការទទួលការហៅចូលតាមទូរស័ព្ទ ដើម្បីសាកសួរព័ត៌មានទាំងឡាយពាក់ព័ន្ធ នឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ព្រមទាំងការបញ្ជា្រប់ចំណេះដឹងហិរញ្ញវត្ថុ ទៅកាន់សិស្សានុសិស្សចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា៕