(ឧត្តរមានជ័យ)៖ ប្រធានគណៈពង្រឹងការងារ និងជាបេក្ខជនតំណាងរាស្ត្រក្នុងខេត្តឧត្តរមានជ័យ លោក គន់ គីម បានថ្លែងថា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត សម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី នឹងប្រឹងប្រែងកសាងអភិវឌ្ឍន៍ជាតិឲ្យកាន់តែរីកចម្រើន ជាពិសេសប្រឹងប្រែងធ្វើឲ្យកិត្យានុភាពជាតិកាន់តែខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិថែមទៀត។
លោក គន់ គីម បានថ្លែងដូច្នេះក្នុងពេលចុះដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ។ នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី៨នេះក៏មានការអញ្ជើញចូលរួមពីលោក នៅ សំ បេក្ខជនតំណាងរាស្ត្របម្រុងមណ្ឌលឧត្តរមានជ័យ លោក ស ថាវី ប្រធានគណបក្សខេត្តឧត្តរមានជ័យ និងហែហមដោយអ្នកគាំទ្រជិត ៣ពាន់នាក់។
ប្រទេសកម្ពុជាដែលធ្លាប់តែជាប្រទេសអាណាចក្រដ៏ល្បាញល្បីក្នុងសម័យអាណាចក្រអង្គរត្រូវបានប្រែក្លាយជាស្ងប់ស្ងាត់ និងអន់ថយបន្តិចម្តងៗដោយសារតែសង្គ្រាមហែកហួរ។ កម្ពុជាកាន់តែកប់បាត់ពីឆាកអន្តរជាតិទៅទៀតនៅក្នុងភ្លើងសង្គ្រាមប្រមាណជា ៣ទសវត្សរ៍ចុងក្រោយនេះ។ ជាពិសេសនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបកាប់សម្លាប់ដ៏ឃោរឃៅរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។
ប៉ុន្តែនៅក្រោយកម្ពុជាបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត តាមរយៈចលនាតស៊ូដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ជាជំហានៗ កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏បានសាងកិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិជាថ្មី។ ពេលបច្ចុប្បន្នកម្ពុជាបានក្លាយខ្លួនជាសមាជិកអង្គការសំខាន់ៗទាំងក្នុងថ្នាក់តំបន់ និងលើឆាកអន្តរជាតិ។ តាមរយៈសមាជិកនេះ កម្ពុជា នឹងកំពុងផ្សារភ្ជាប់ និងដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិផងដែរ។ កម្ពុជាដែលធ្លាប់តែស្ងប់ស្ងាត់ពីអតីតកាលនោះ បច្ចុប្បន្នបានក្លាយទៅជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំសំខាន់ៗទាំងថ្នាក់ដំបន់ និងថ្នាក់ពិភពលោក។
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាព្រឹកថ្ងៃនេះ លោក គន់ គីម មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយរូបដែរនោះ បានថ្លែងថា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត សម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី នឹងដឹកនាំនាវាកម្ពុជាឲ្យកាន់តែល្បាញល្បីនៅឆាកអន្តរជាតិថែមទៀត។
លោក គន់ គីម បានបញ្ជាក់ដូច្នេះ «បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត សម្តេចតេជោ នឹងបន្តធ្វើជានាយករដ្ឋមន្ត្រី ប្រទេសជាតិនឹងបន្តការអភិវឌ្ឍលើគ្រប់វិស័យ ទប់ស្កាត់មិនឲ្យមានសង្គ្រាម និងការពារបានសុខសន្តិភាព។ ការសម្រេចចិត្តត្រឹមត្រូវក្នុងការបោះឆ្នោតដោយជ្រើសរើសគណបក្សប្រជាជន និងនាំមកនូវឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី និងកិត្យានុភាពដ៏ខ្ពស់ត្រដែតរបស់កម្ពជានៅលើឆាកអន្តរជាតិ និងទទួលបានការអភិវឌ្ឍជាបន្តទៅទៀត។ បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជាទាំងមូលជាអ្នកឈ្នះ»។
លោក គន់ គីម ក៏បានបន្តលើកបង្ហាញពីសមិទ្ធផល និងការរីកចម្រើនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកបានថ្លែងថា «ក្រោយបញ្ចប់សង្គ្រាមកម្ពុជាទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាមកើតឡើងជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមក សមិទ្ធិផលទាំងអស់នេះកើតឡើងដោយស្នាដៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ដែលមានសម្តេចតេជោជាប្រមុខ»។
បេក្ខជនតំណាងរាស្ត្របស់គណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តឧត្តរមានជ័យរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងស្រុកចុងកាល់ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ជាបន្តទៀត៕