(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង៨ម៉ឺនតោន និងទទួលបានចំណូលជាង១២០លានដុល្លារអាមេរិក។
របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០១៨ បរិមាណជ័រកៅស៊ូដែលបញ្ចេញលក់មានចំនួន ៨៤,៤១៩តោន បានកើនឡើងចំនួន១៤,៣៧៦តោន ស្មើនឹង២១% ធៀបរយៈពេលដូចគ្នាឆ្នាំមុន។ ចំពោះតម្លៃលក់ជ័រកៅស៊ូមធ្យម ក្នុងឆមាសទី១ មានតម្លៃ១,៤៣៤ដុល្លារក្នុងមួយតោន បានថយចុះចំនួន៣៣៦ដុល្លារក្នុងមួយតោន ស្មើនឹង -១៨.៩៨%។
គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៣៦,២៩៩ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន១៧៣,០១៧ហិកតា ស្មើនឹង៣៩% និងផ្ទៃដីថែទាំមានចំនួន ២៦៣,២៨១ ហិកតា ស្មើនឹង៦១%។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត២០ម៉ឺនតោន ទទួនចំណូលប្រមាណ៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕