(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅចូលរួមបោះឆ្នោតកុំបីខាន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីជ្រើសរើសឲ្យបានត្រឹមត្រូវ ចំពោះគណបក្សនយោបាយណាមួយ ដែលយើងពេញចិត្ត ចាកផុតពីទុក្ខវេទនា នាំមកនូវការរីលចំរើនមានជីវភាពធូធា ទទួលបានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឃន៍លើគ្រប់វិស័យបន្តទៀត។
ការអំពាវនាវរបស់លោក ជា ពិសី ខាងលើនេះ បានធ្វើឡើងក្នុងពេលដឹកនាំមន្ត្រីពាក់ព័ន្ធយកបង្គោលទៅដាំបំពាក់តម្លើងអំពូលភ្លើងសូឡា Solar LED ដែលប្រើពន្លឺថ្ងៃដាក់ពង្រាយបន្ថែម ដើម្បីបំផ្លូវសាធារណៈមួយចំនួនទៀត តាមសំណូមពរប្រជាពលរដ្ឋរស់នៅភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ និងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ក្រោមជំនួយឧត្ថម្ភពីសមាគមន៍ចិនគ័ងតុង។
លោក ជា ពិសី គ្រោងបំពាក់អំពូលភ្លើងសូឡា Solar LED ប្រើពន្លឺថ្ងៃបន្ថែមនៅតាមបណ្ដាផ្លូវសាធារណៈមួយចំនួនទៀតជាបន្តបន្ទាប់ដែលងងិត ក្នុងចំណោមសង្កាត់ទាំង៧ នៃភូមិសាស្ត្រខណ្ឌឬស្សីកែវ សរុបតម្លៃជាង១ម៉ឺនដុល្លារ ដើម្បីបំភ្លឺផ្លូវឡើងវិញ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពផ្សេងៗ ក្រោយពីទទួលបានសំណូមពរ និងតម្រូវការចាំបាច់ចំពោះមុខ ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
លោក ជា ពិសី ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋគ្រប់រូប គួរបំពេញកាតកិច្ច ក្នុងការចូលរួមបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្ដដាខាងមុខ ហើយធ្វើការជ្រើសរើសឲ្យបានច្បាស់លាស់ ចំពោះគណបក្សនយោបាយណាមួយ ដែលយើងពេញចិត្ត ធ្វើឲ្យយើងមានជីវភាពធូធា ជួយជាតិបាន និងដើម្បីទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍន៍បន្ដទៀត៕