(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល អ្នកតំណាងរាស្រ្ត​ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ ខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ​ កែ​ គឹមយ៉ាន​ ប្រធានកិត្តិយស​សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ​ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ​ ខេត្ត​ ក្រុង​ ស្រុក​ និងមូលដ្ឋាន អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការនូវកុដ្ឋថ្មី​១មាន៥បន្ទប់តំលៃ៧២០០០ដុល្លារ​ និងអគារបឋមសិក្សា​ខ្ចាស់១ខ្នង៥បន្ទប់​ តំលៃ៥០០០០ដុល្លារ​ ដង្ហែរបុណ្យផ្កាប្រាក់​ និងទៀនវស្សា​ វេរប្រគេនដល់ព្រះសង្ឃក្នុងវត្តប្រាសាទស្រះកណ្តាល (ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រ និងបន្តជួបសំណេះសំណាលជាមួយសមាជិក​ សមាជិកា​ ចំនួនជាង៣០០០នាក់។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សរួមមាន​៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស​ និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងប្រធានកិត្តិយសគណបក្ស​។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ មានថ្លែងបន្តថា​ ក្រោមយុទ្ធសាស្រ្តឈ្នះ​ឈ្នះ និងសុខដុមរមនីយកម្ម​ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានសុខសន្តិភាព​ និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ឋិសេរីភាពជ្រើសរើសជំនឿសាសនាដែលខ្លួនពេញចិត្ត​ ទោះបីជាប្រជាពលរដ្ឋមានជំនឿសាសនាខុសគ្នា គឺអាចរួមរស់នៅជាមួយគ្នាដោយសុខសន្តិភាព​ សេរីភាពពេញលេញ​ មិនប្រកាន់វណ្ណៈ ឋានៈអ្វីឡើយ។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណ និងដឹងគុណដល់សមាជិក​ សមាជិកា​ទាំងអស់ នៃមហាគ្រូសារអ្នកបន្ទាយមានជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន​ សែន​ គ្រប់ៗអាណត្តិកន្លងមក​ ហើយសូមអញ្ជើញទៅបោះឆ្នោតគាំទ្របន្តទៀតនៅថ្ងៃទី២៩​ ខែកកក្កដា​ ឆ្នាំ២០១៨​ នៅលំដាប់លេខរៀងទី២០​ ងាយចាំ​ ងាយគិត​ ស្រួលគូស​ ដើម្បីសម្តេចតេជោ ហ៊ុន​ សែន​ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ចំណូលកសិករ អាជីវករ បងប្អូនក្មួយជាកម្មករ​-កម្មការិនី​ទាំងអស់ទទួលបានប្រាក់ខែ​ និងអត្ថប្រយោជន៍ផ្សេងៗកាន់តែច្រើន និងមានអគ្គិសនីប្រើប្រាស់​គ្រប់ភូមិតម្លៃប្រើប្រាស់កាន់តែថោក​បន្ថែមទៀត។

ជាមួយគ្នានេះដែរ​ ភ្ជាប់ជាមួយនឹងសុទ្ធាជ្រះថ្លា​​ នាយឧត្តមសេនីយ៍កែ​ គឹមយ៉ាន​ និងលោកជំទាវ​ ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ បានវេរប្រគេននូវ៖

ទី១៖ វត្ត​ប្រាសាទស្រះកណ្តាល​ (ខ្ចាស់)​ មាន:​អង្ករ១០តោន ទៀនវស្សា​ ផ្កាមាស​-ប្រាក់​ មី​ ត្រីខ​ ត្រីងៀត​ ទឹកត្រី​ ទឹកស៊ីអ៊ីវ​ អំបិល​ ស្ករស​ ប៊ីចេង​ តែ​ ទឹកក្រូច​ ទឹកសុទ្ធ​ ប្រេងម៉ាស្ស៊ូត៣០០លីត្រ​។ល។​សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សា​ និងបច្ច័យកសាងវត្តចំនួន៣១៩លាន១៣ម៉ឺនរៀល(ដែលកើតចេញពីបុណ្យផ្កាប្រាក់សាមគ្គី​ក្រោមការផ្តួចផ្តើមរបស់ឯកឧត្តម​ កែ​ គឹមយ៉ាន​និងលោកស្រី )
ទី២៖ វត្តឯករង្សីត្របែកប្រគេនស៊ីម៉ង់តិ៍១០តោន និងបច្ច័យ៥លានរៀល៕