(កំពង់ចាម)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានលើកជាសំណួរ ដើម្បីឲ្យប្រជាពលរដ្ឋពិចារណា និងសម្រេចចិត្ត ក្នុងការជ្រើសរើសគណបក្សនយោបាយ ដែលមានសមត្ថភាពថែរក្សា សន្តិភាព និងដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍពិតប្រាកដនៅក្នុងថ្ងៃបោះឆ្នោតជាតិខាងមុខ។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងយ៉ាងដូច្នេះ «ខ្ញុំសំណូមពរបងប្អូន មេត្តាប្រើប្រាស់សតិសម្បជញ្ញៈគិតគូរឲ្យបានត្រឹមត្រូវ តើអ្នកណាដែលបានរំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍? ហើយអ្នកណាដែលបានដឹកនាំកសាងប្រទេស ឱ្យបានរីកចម្រើនដូចសព្វថ្ងៃ? បងប្អូនអាចគិតមើល ពីមុនយើងលំបាកយ៉ាងម៉េចខ្លះ? ហើយឥឡូវនេះយើងមានអ្វីខ្លះ? តើអ្នកណាជានាំមកនូវសមិទ្ធផលទាំងអស់នេះ? ដូច្នេះសូមបងប្អូន សម្រេចចិត្តឲ្យបានត្រឹមត្រូវ!»។
លោកប្រធាន ប៉ាន សូរស័ក្តិ បានលើកនូវសំណួរទាំងអស់នេះឡើង នាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលរៀបចំឡើងនៅក្នុងឃុំតុងរ៉ុង និងឃុំជ្រៃវៀន នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមវត្តមានចូលរួមពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង ៧០០នាក់។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានថ្លែងនូវសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារផ្តោតសំខាន់លើសមិទ្ធផលធំៗ និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបាននូវសុខសន្តិភាព និងវឌ្ឍនភាព ព្រមទាំងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
លោកប្រធាន ប៉ាន សូរស័ក្តិ ក៏បានបកស្រាយអំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយ ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨ ដល់ឆ្នាំ ២០២៣។ គោលនយោបាយទាំងអស់នេះ គឺជាចក្ខុវិស័យ និងទិសដៅផែនការសកម្មភាពរយៈពេល ៥ឆ្នាំ ដែលគណបក្សត្រូវបន្តអនុវត្តន៍នៅក្នុងអណត្តិទី៦ នៃរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់គុណភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាជន និងដើម្បីដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាព ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក តែងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា។ លោកប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសមាជិក-សមាជិកាទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕