(ព្រះវិហារ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ បេក្ខភាពឆ្នើមទាំង៧រូប របស់គណបក្សប្រជាជនកម្ពុជា (CPP) សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅខេត្តព្រះវិហារ បានបង្ហាញខ្លួនចំពោះមុខសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកសង្គមថ្មីប្រមាណ១០០០នាក់ ក្រោមការដឹកនាំរបស់លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ ជាបេក្ខភាពឈរលេខរៀងទី១ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី និងប្រធានគណបក្សស្រុក ឃុំជាច្រើនរូបទៀត។
លោក មាស សុភា បានថ្លែងថា ថ្ងៃនេះលោកបានដឹកនាំបេក្ខភាពតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ របស់គណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តព្រះវិហារ ឲ្យបងប្អូនសមាជិកសមាជិកាបក្សបានស្គាល់។ លោកបញ្ជាក់ទៀតថា តាមពិតបេក្ខាពទាំង៧រូបនេះ គឺបងប្អូនបានស្គាល់រួចមកហើយ ដែលជានិច្ចជាកាល តែងតែបានបម្រើបងប្អូនកន្លងមក និងនៅជិត នៅក្បែរបងប្អូន ជួយបងប្អូនគ្រប់កាលៈទេសៈ ហើយក៏មិនមែនបេក្ខភាពណាមកពីស្រុកណាក្រៅដែរ។
លោក មាស សុភា បានបន្តថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងឥស្សរជនជាច្រើនទៀត ជានិច្ចកាល បានរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនគ្រប់វិស័យ រហូតមកដល់សព្វថ្ងៃនេះ។
ជាមួយនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ជិតចូលមកដល់នោះ លោក មាស សុភា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតលោកបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីសម្តេចតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេស ឲ្យមានការរីកចម្រើនជាបន្តទៅទៀត។
សូមបញ្ជាក់ថា បេក្ខភាពឆ្នើមទាំង៧រូប ដែលបានឈរឈ្មោះជាតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោត អាណត្តិទី៦ នៅមណ្ឌលព្រះវិហារ រួមមាន៖ បេក្ខភាពឈរលេខរៀងទី១៖ លោក មាស សុភា, បេក្ខាពលេខរៀងទី២៖ លោក សួស យ៉ារ៉ា, បេក្ខភាពលេខរៀងទី៣៖ លោក ឡុង សុវណ្ណ, បេក្ខភាពលេខរៀងទី៤៖ លោក ណែម វ៉ា, បេក្ខភាពលេខរៀងទី៥៖ លោក ខូយ ឃុនហ៊រ, បេក្ខភាពលេខរៀងទី៦៖ លោក យ៉ុង គឹមហ៊ាន, និងបេក្ខភាពលេខរៀងទី៧៖ លោកស្រី ខូយ ប៊ុនថាន៕