(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនៅក្នុងអាណត្តិទី៥នេះ បានយកចិត្តទុកដាក់ខ្ពស់ផងដែរចំពោះសុខទុក្ខ និងកង្វល់របស់ក្រុមអាជីវករ ដែលកំពុងលក់នៅតាមផ្សារលើដីរដ្ឋនានា។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានចេញសេចក្តីសម្រេចអនុញ្ញាតឲ្យក្រុមអាជីវករលក់នៅតាមផ្សារលើដីរដ្ឋអាចគ្រប់គ្រងតូបរបស់ខ្លួនពេញមួយជិវិត ហើយអាចផ្ទេរទៅកូនចៅបានថែមទៀតផង។
សម្រាប់អាណត្តទី៦ ប្រសិនបើគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោត សម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី តើបងប្អូនអាជីវករលក់ដូរនៅតាមផ្សារលើទីតាំងដីរដ្ឋនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?
ក្នុងសុន្ទរកថាបើកយុទ្ធនាការរកសំឡេងឆ្នោតកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាជីវករលក់ដូរតាមផ្សារលើទីតាំងដីរដ្ឋអាចផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅកូនចៅ ឬអ្នកដទៃបានដោយពុំមានកំណត់អាណត្តិនោះឡើយ។
ការសម្រេចបែបនេះ បានបង្ហាញថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានគិតគូរខ្ពស់ពីសុខទុក្ខរបស់អាជីវករ និងបានផ្តល់សិទ្ធិពេញក្នុងការគ្រប់គ្រងតូបទៅឲ្យក្រុមអាជីវករ។
សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ដោះស្រាយរាល់ទុក្ខលំបាករបស់ក្រុមអាជីវករផងដែរ ក្នុងនោះរាល់ពេលក្រុមអាជីវករជួបគ្រោះដោយសារអគ្គិភ័យឆេះផ្សារ សម្តេចតេជោ ហ៊ុន សែន តែងតែចេញជួយសាងសង់ផ្សារឡើងវិញជូនពួកគាត់ជានិច្ច។ មួយវិញទៀតដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង ល្អី... ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចមិនឲ្យភាស៊ីពីពួកគាត់នោះឡើយ៕