(តាកែវ)៖ ប្រជាពលរដ្ឋនៅឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវជាច្រើន បានប្រកាសថា ពួកគាត់នឹងមិនផ្លាស់ប្តូរយកសង្រ្គាម ជំនួសឱ្យសន្តិភាពរបស់កម្ពុជា ដែលមានសព្វថ្ងៃនេះឡើយ។ ពួកគាត់ប្តេជ្ញាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសបន្តទៀត។
ការអះអាង និងប្រកាសជំហររបស់ ប្រជាពលរដ្ឋនៅឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើឡើង នៅចំពោះមុខ លោកស្រី កុយ ពិសី សមាជិកគណកម្មាធិការកណ្តាល អនុប្រធានក្រុមការងារចុះពង្រឹងស្រុកគីរីវង់ និងជាប្រធានក្រុមការងារចុះពង្រឹងឃុំព្រៃអំពក ដែលបានចុះជួបសំណេះសំណាល ជាមួយពួកគាត់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ។
លោកស្រី កុយ ពិសី បានចុះតាមភូមិទាំង៩ នៅក្នុងឃុំព្រៃអំពក ព្រមទាំងបានជួបសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋ តាមខ្នងផ្ទះជាច្រើនគ្រួសារផងដែរ។ នៅចំពោះមុខលោកស្រីប្រធានក្រុមការងារ ប្រជាពលរដ្ឋក្នុងឃុំបាន បានលើកឡើងថា គាត់នឹងមិនប្តូរយកសង្គ្រាមជំនួសសុខសន្តិភាពឡើយ ហើយថានឹងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីឲ្យស្រុកទេសមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។
សូមជម្រាប់ថា នៅក្នុងឱកាសនោះ លោកស្រី កុយ ពិសី និងក្រុមការងារ ក៏បានផ្សព្វផ្សាយអំពីគោលនយោបាយអាទិភាព សម្រាប់រយៈពេល៥ឆ្នាំបន្ត ដែលបានថ្លែងការណ៍ដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងថ្ងៃដំបូង នៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ផងដែរ។
នៅថ្ងៃបើកយុទ្ធនាការឃោសនានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៨-២០២៣» ដែលជាត្រីវិស័យសម្រាប់ទម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ច បម្រើជាតិ និងប្រជាជន រយៈពេល៥ឆ្នាំទៅមុខ។ កម្មវិធីនយោបាយនេះ បានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖
ទី១៖ គោរព និងការពាររដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍, លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ។
ទី២៖ ការពារឯករាជ្យ, អធិបតេយ្យ, បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំ មិនឱ្យកម្លាំងណាមួយមករំលោភបំពាន និងបំផ្លាញបានឡើយ, ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។
ទី៣៖ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿនដោយផ្អែកលើច្បាប់, ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប, ពលរដ្ឋម្នាក់ៗមានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ ។
ទី៤៖ បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ, ដោយចាកផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងពីអំពើហិង្សាគ្រប់រូបភាព ។
ទី៥៖ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជំរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងបុព្វហេតុសន្តិភាព, សន្តិសុខ, ស្ថិរភាព, និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕