(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជាទាំង១២ខណ្ឌ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្តបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត ទ្រង់ទ្រាយធំជាលើកទី២ ដោយបានជួបជុំគ្នានៅមជ្ឈមណ្ឌល និងពិពរណ៌កោះពេជ្រ ដោយមានការចូលរួមពីអ្នកគាំទ្រប្រមាណ១៥,០០០នាក់។ ក្នុងនោះក៏សមាជិក សមាជិកបក្សនៅខណ្ឌមានជ័យ ជាង៤០០០នាក់បានមកជួយជុំគ្នា នៅវិមានសុភមង្គល ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីចូលរួមដង្ហែក្បួនឃោសនានោះ ។
បើតាមការឲ្យដឹងពីក្រុមការងារដែលរៀបចំកម្មវិធី បញ្ជាក់ថា ក្បូនដង្ហែឃោសនាបោះឆ្នោតជាលើកទី២ នេះចាប់ផ្តើមចេញដំណើរពីកោះពេជ្រនៅម៉ោង៨ព្រឹក ដោយមានមហាជន សហជីព និងកម្មករចូលរួមប្រមាណ១៥,០០០នាក់ ប្រើប្រាស់រថយន្តជាង១០០គ្រឿង និងម៉ូតូ៦,០០០គ្រឿង។
តំរាយផ្លូវក្បូនដង្ហែចេញពីកោះពេជ្រ បត់ឆ្វេងឡើងផ្លូវសុធារស ទៅផ្លូវម៉ៅសេទុង បត់ស្តាំមកផ្លូវព្រះមុនីវង្ស មកដល់ស្តុបពេទ្យចិន បត់ឆ្វេងមកផ្លូវព្រះសីហនុ រួមបន្តបត់ឆ្វេងមករង្វង់មូលនាងគង្ហីង រួចបន្តមកផ្លូវឆេកូស្កូវ៉ាគី បត់មកផ្លូវកម្ពុជាក្រោម ឡើងមកកោះពេជ្រវិញ ដើម្បីបញ្ចប់កម្មវិធី។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង ហើយកាលពីថ្ងៃបើកឆាកដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ជាមួយការប្រារព្ធខួបទី៦៧ នៃខួបកំណើតគណបក្សប្រជាជនកម្ពុជា ក៏បានជួបជុំ និងរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រនេះដែរ ដោយធ្វើឡើងក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស ដោយមានការចូលរួមពីសមាជិកចូលរួមប្រមាណជាង៦ម៉ឺននាក់ មកពី១២ខណ្ឌក្នុងរាជធានីភ្នំពេញ៕