(ក្រចេះ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកពាមរក៍ ខេត្តព្រៃវែង និងស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១២ និងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពក្នុងការដឹកនាំគ្រូឧទ្ទេសនាមទៅធ្វើបទបង្ហាញអំពី គេហទំព័រ «www.bacii.moeys.gov.kh» និងកម្មវិធីទូរស័ព្ទវ័យឆ្លាត «MoEYS App Scan» សម្រាប់ការធ្វើតេស្តសមត្ថភាពសិស្សត្រៀមប្រទ្បងទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ខាងមុខនេះ ជូនសិស្សានុសិស្សតាមវិទ្យាល័យក្នុងស្រុកទាំងពីរខាងលើ។
បទឧទ្ទេសនាមនេះត្រូវបានចូលរួមធ្វើបទបង្ហាញដោយ លោក ងន់ ម័រ ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជូនដល់សិស្សានុសិស្ស នាយក លោកគ្រូ អ្នកគ្រូនិងសិស្សថ្នាក់ទី១២ និងសិស្សថ្នាក់ទី១១ នៅវិទ្យាល័យហ៊ុនសែនពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ចំនួនសរុប២៨០នាក់ និង នៅវិទ្យាល័យ ហ៊ុន សែន កន្ទួត វិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈ និងវិទ្យាល័យថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ចំនួនសរុបប្រហែល៨០០នាក់។
ឆ្លៀតក្នុងឱកាសនេះ លោក យក់ ប៊ុនណា ក៏បានផ្ដល់នូវមតិសំណេះសំណាលចែករំលែកបទពិសោធន៍ត្រៀមប្រឡង និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានចូលធ្វើតេស្ត សមត្ថភាពក្នុងប្រព័ន្ធនេះដែលទទួលបាននិទ្ទេសល្អ ព្រមទាំងផ្ដល់ការណែនាំតម្រង់ទិសជូនដល់សិស្សានុសិស្ស ក្នុងការជ្រើសរើសទិសដៅ និងជំនាញក្នុងការសិក្សាបន្តបន្ទាប់ពីប្រឡងជាប់សញ្ញាបត្រទុតិយភូមិជាស្ថាពរ សម្រាប់អនាគតរបស់ខ្លួន។ ក្នុងន័យនេះ ឯកឧត្តមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានផ្ដល់កុំព្យូទ័រជូនវិទ្យាល័យហ៊ុនសែនពាមរក៍ ចំនួន១គ្រឿង វិទ្យាល័យហ៊ុនសែនកន្ទួត ចំនួន១គ្រឿង និងវិទ្យាល័យថ្មគ្រែចំនួន១គ្រឿងដែលកុំព្យូទ័រនីមួយៗ មានឧបករណ៍ភ្ជាប់អ៊ិនធើណេត(SIM Modem)១ឈុត ក្នុងគោលបំណងដើម្បីផ្ដល់លទ្ធភាពដល់សិស្សានុសិស្សអាចអនុវត្ត ប្រើប្រាស់ និងស្វ័យសិក្សាពីការប្រើប្រាស់កម្មវិធីតេស្តសមត្ថភាពសិស្សត្រៀមប្រទ្បងទុតិយភូមិ (បាក់ឌុប)នៅវិទ្យាល័យទាំងនោះឱ្យបានងាយស្រួល៕