(ក្រចេះ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលក្រុងក្រចេះ បើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ រួមទាំងដកហូតបានគ្រឿងញៀនជាច្រើនកញ្ចប់ និងវត្ថុតាងមួយចំនួននៅចំណុចផ្ទះជួលក្រោយវត្តប៉ាឆា ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ។

ប្រតិបត្តិការនេះដឹកនាំកម្លាំងដោយ លោក ស៊ាន សុភ័ក្រ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន និងសម្របសម្រួលដោយលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៦នាក់ជាមួយគ្រឿងញៀន០៤កញ្ចប់។

យោងតាមនគរបានឲ្យដឹងថា ជនសង្ស័យទាំង០៦នាក់​ (ស្រី៣នាក់ )​ដែលបានឃាត់ខ្លួន រួមមានឈ្មោះ៖​

១៖ ឈ្មោះ​ ទិន​ មិនា​ (ហៅពេជ្រ)​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប​ មានទីលំនៅជួលផ្ទះ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ
២៖ ឈ្មោះ​ តេង​ ស្រីណា​ (ហៅខ្នា​) ភេទស្រី​ អាយុ​២៦ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមេផ្ទះ​ (ប្រពន្ធរបស់ឈ្មោះ​ ទិន​ មិនា)​ មានទីលំនៅជួលផ្ទះភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ
៣៖ ឈ្មោះ​ តេង​ ញ៉​ ភេទស្រី​ អាយុ​ ៣៨ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមេផ្ទះ​ មានទីលំនៅភូមិត្រពាំងព្រីង​ សង្កាត់ក្រចេះ​ ក្រុងក្រចេះ ខេត្តក្រចេះ
៤៖ ឈ្មោះ​ ថេង​ គឹមឈុន​ ភេទប្រុស​ អាយុ​ ៣៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​ មានទីលំនៅភូមិមានជ័យ​ ឃុំទឹកថ្លា​ ស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង​ ។
៥៖ ឈ្មោះ​ ទិន​ កញ្ញា​ ភេទស្រី​អាយុ៣០ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមេផ្ទះ​ មានទីលំនៅភូមិរវៀង​ ឃុំអន្លង់រាជ​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់
៦៖ ឈ្មោះ​ រស់​ សាលី​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ ជនជាតិខ្មែរ មុខរបរជាងឈើ​ (ប្តីរបស់ឈ្មោះ​ ទិន​ កញ្ញា)​ មានទីលំនៅភូមិរវៀង​ ឃុំអន្លង់រាជ​ ស្រុកវាលវែង​ ខេត្តពោធិសាត់​ ។

នគរបាលបាន​ឱ្យ​ដឹងថា ក្នុង​ប្រតិបត្តិការនេះ​បានដកហូតបានវត្ថុតាងរួមមាន​៖​ ម្សៅក្រាមពណ៌សចំនួន០៤កញ្ចប់ (តូច០២​ ធំ០២) ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន០១ថង់សំរាប់ច្រករំលែកគ្រឿងញៀនមួយចំនួនធំ សំភារសំរាប់ជក់គ្រឿងញៀនមួយចំនួ​ន ទូរសព្ទ័ចំនួន​៤គ្រឿង ប្រាក់រៀលចំនួន​៥០ម៉ឺនរៀល ម៉ូតូចំនួន​០២គ្រឿង (ម៉ាកស៊ីរូស​១គ្រឿង​ និងម៉ាកWave Rsx ចំនួន១គ្រឿង) និង​រថយន្តម៉ាកCamery បាឡែនពណ៌ទឹកមាស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2J 3352​ ចំនួន​១គ្រឿង​។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ រួមនិងវត្ថុតាងទាំងអស់​ កំពុងឃាត់ខ្លួន​ និងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀន​ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕