(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំការប្រជុំផ្សព្វផ្សាយចំណុចសំខាន់ៗមួយចំនួន នៃសភាពការណ៍ សម្រាប់ខែមិថុនា និងលើកទិសដៅការងារឃោសនាអប់រំ ខែកក្កដា ឆ្នាំ២០១៨។
ពិធីនេះ នៅសាលប្រជុំក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោកលោកស្រីគណៈកម្មាធិការគណបក្សក្រសួង សមាជិកគណបក្សក្រសួង និងប្រធានសាខាបក្សទាំង២៥ នៃក្រសួងធម្មការនិងសាសនា។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនរួមមាន៖
ទី១៖ ត្រូវបន្តចុះយុទ្ធនាការរបស់ខ្លួនតាមការកំណត់ទៅតាមផែនការ និងបន្តធ្វើការផ្សព្វផ្សាយនូវសមិទិ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ
ទី២៖ ត្រូវត្រៀមខ្លួនជានិច្ចដើម្បីធ្វើវាយបកបានទាន់ពេលវេលា នូវរាល់សកម្មភាពរបស់ពួកអមិត្ត ដែលមានគោលបំណង់ចង់បំផ្លាញការបោះឆ្នោត និងមិនទទួលស្គាល់លិទ្ធផល នៃការបោះឆ្នោត និងគាំទ្រកិច្ចដំណើរការយ៉ាងរលូនទាំង គ.ជ.ប. ទាំងរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់បាន និងកំពុងបំពេញការងាររបស់ខ្លួនប្រដោយការទទួលខុសត្រូវដើម្បីធ្វើឱ្យការបោះឆ្នោតបានប្រព្រឹត្តទៅដោយជោគជ័យ។
និងទី៣៖ ត្រូវត្រៀមនូវឯកសារពាក់ព័ន្ធដល់ការបោះឆ្នោត និងជំរុញដល់សមាជិក សមាជិកាគណបក្សរបស់យើងទាំងអស់គ្នា ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសបន្តទៀត មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ។
សមិទ្ធិផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ការពង្រឹងសន្តិភាព សិ្ថរភាព នយោបាយ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងជំហានឆ្ពោះទៅធ្វើឱ្យសម្រេចជោគជ័យទាំងស្រុង ក្នុងកម្មវិធីនយោបាយសម្រាប់នីតិកាលទី៥ (ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨)នេះ។ ជាលទ្ធជាក់ស្តែងយើងឃើញថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់កម្ពុជាមានការរីកចម្រើនគួរឱ្យកាត់សម្គាល់ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែត្រូវបានលើកម្ពស់ជាលំដាប់ ក្នុងនោះកិច្ចការពារជាតិ សន្តិសុខជាតិ ឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ហើយប្រព័ន្ឋប្រជាធិបតេយ្យ សេរី ពហុបក្ស និងសិទ្ឋិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានការពារ និងលើកស្ទួយនៅក្នុងក្របខណ្ឌច្បាប់៕