(ភ្នំពេញ)៖ ជនជាតិចិនចំនួន៣នាក់ ប្រដាប់ដោយដែកគាស់ បានបើករថយន្តមួយគ្រឿងបិទស្លាកលេខ ដេញតាមប៉ុនប៉ង វាយស្រ្តីម្នាក់ដែលកំពុងធ្វើដំណើរ ដោយជិះជាមួយស្រ្តីម្នាក់ទៀតដែលជាមិត្តភ័ក្រ នៅតាមដងមហាវិថីវេងស្រេង បណ្តាលឲ្យរងរបួសធ្ងន់ រហូតវាយកម្ទេចរថយន្តជនរងគ្រោះចោលបន្ថែមទៀត។
បន្ទាប់ពីធ្វើសកម្មភាពហើយនោះ ជនបង្កទាំង៣នាក់នោះ បានព្យាយាមបើករថយន្តរត់គេចខ្លួន ប៉ុន្តែភ្លាមៗនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ដេញតាមក្របួចជាប់នៅមុខអាកាសយាន្តដ្ឋានអន្តជាតិពោធិ៍ចិនតុង បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មុខហាងកាហ្វេតេស្ត ផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះថា ស្រ្តីរងគ្រោះឈ្មោះ ហង់ ចាន់នី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិករោងចក្រស្បែកជើង មានទីលំនៅ ផ្ទះ165Eoz ផ្លូវ93 សង្ហាត់មនោរម្យ ខណ្ឌ៧មករា រងរបួសធ្ងន់ ត្រូវបានបញ្ជូនចូលសង្រ្គោះនៅគ្លីនិកភ្លាមៗ។ ជនរងគ្រោះ ធ្វើការនៅរោងចក្រស្បែកជើង ដោយរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-1659។
ចំណែកឯជនបង្កជាជនជាតិចិនមានគ្នាចំនួន៣នាក់ រួមមាន៖ទី១ឈ្មោះ ចូ ហ្វីលីប អាយុ៤២ឆ្នាំ ជាជនដៃដល់ និងបក្ខពួក២ទៀតនៅមិន ទាន់ស្គាល់ឈ្មោះនៅឡើយទេ ជិះរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស្ករ យកទឹកលុប បិទស្លាកលេខ។
លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា ប្រទេសជាតិមានច្បាប់ ពលរដ្ឋគ្រប់រូបរស់នៅក្រោមដំបូលច្បាប់របស់ជាតិតែមួយ ត្រូវតែគោរពច្បាប់ មិនថាខ្មែរ ឬបរទេស បើប្រព្រឹត្តខុសច្បាប់ត្រូវតែ ទទួលទោសដូចគ្នា។
លោកអធិការរូបនេះ បានបន្ថែមទៀតថា តាមព័ត៌មានខ្លះៗ ពីនារីរងគ្រោះ គឺផ្តើមចេញពីគុំនុំដោយជនសង្ស័យកន្លងមក ធ្លាប់ធ្វើការជាមួយនារីរងគ្រោះ ហើយប៉ុនប៉ងរំលោភនារីរងគ្រោះ ជាច្រើនលើកតែមិនបាន ត្រូវនារីរងគ្រោះប្តឹងថៅកែបណ្តេញជនសង្ស័យចេញពីការងារប្រហែលរយៈពេល ២ ឬ៣ ខែមកហើយ។
បច្ចុបន្ននេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូន ឡើងតុលាការតាមនិតិវិធីច្បាប់៕