(កំពង់ធំ)៖ លោក ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា តាមរយៈកំណែទម្រង់ថ្មីក្នុងវិស័យអបរំ របស់រាជរដ្ឋាភិបាល សិស្សមានចំណេះដឹងខ្លាំងជាងមុន និងទទួលបានពិន្ទុ និងនិទ្ទេសល្អជាងឆ្នាំមុនៗ ហើយការប្រឡងបាក់ឌុបឆ្នាំនេះ គឺមានការរឹតបន្តឹងខ្លាំងជាងឆ្នាំមុនៗទៅទៀត ចាប់ពីក្រៅមណ្ឌលប្រឡង រហូតដល់ក្នុងមណ្ឌលប្រឡង ដោយមិនអនុញ្ញាតឲ្យបេក្ខជនយកសំណៅឯកសារ សៀវភៅ ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចមួយចំនួនទៀត ចូលមណ្ឌលប្រឡងឡើយ ប្រសិនបើអនុរក្សរកឃើញ បេក្ខជនអាចនឹងបានពិន្ទុសូន្យ គឺធ្លាក់ដោយស្វ័យប្រវត្តិតែម្តង។
លោកបានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំពិភាក្សាការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨។
លោក ហួន វ៉ាន់និត បានអំពាវនាវ ដល់បេក្ខជនដែលត្រូវប្រឡងទាំងអស់ ត្រូវគោរពវិន័យនៃការប្រឡងត្រឹមត្រូវ ក្នុងនោះ ចំពោះបុគ្គលិកអប់រំ ដែលជាអនុរក្ស ក៏ត្រូវមានការទទួលខុសត្រូវខ្ពស់នូវតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ ប្រសិនបើពួកគាត់ប្រព្រឹត្តខុសត្រូវទទួលវិន័យ ដោយមិនមានការលើកលែងឡើយ។ ជាមួយគ្នានោះដែរលោកបានបង្ហាញនូវក្តីពេញចិត្ត ចំពោះលទ្ធផលនៃកំណែទម្រង់ក្នុងវិស័យអបរំ របស់រាជរដ្ឋាភិបាល ដោយអះអាងថា សិស្សមានចំណេះដឹងខ្លាំងជាងមុន និងទទួលបានពិន្ទុ និងនិទ្ទេសល្អ ចេះតែកើតឡើងជារៀងរាល់ឆ្នាំផងដែរ ជាក់ស្តែងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១៧កន្លងទៅ សិស្សនៅក្នុងខេត្តកំពង់ធំ ប្រឡងបាក់ឌុបជាប់និទ្ទេស A រហូតដល់ទៅ៩នាក់ មានន័យថាសិស្សរៀនចេះជាងមុន។
ជាមួយគ្នានោះ លោកបានបញ្ជាក់ថា សម្រាប់មណ្ឌលប្រឡងបាក់ឌុបនៅខេត្តកំពង់ធំ រដ្ឋបាលខេត្ត នឹងមានការរៀបចំ ការយាមកាមយ៉ាងម៉ឺងម៉ាត់ នៅតាមមណ្ឌលប្រឡងនីមួយៗ ដោយមិនឲ្យជនឆ្លៀតឱកាសបង្ករនូវចលាចលនោះទេ ក្នុងនោះស.ស.យ.ក ខេត្ត ក៏បានរៀបចំកន្លែងទទួលផ្ញើកង់ ម៉ូតូ នៅតាមមណ្ឌលនីមួយៗ ដោយមិនយកថវិកាផងដែរ។
លោក ស្រ៊ិន សុវណ្ណ ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងអំណគុណដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លំាងប្រដាប់អាវុធ កន្លងមក តែងតែយកចិត្តទុកដាក់ និងមានកិច្ចសហការល្អ ក្នុងការការពារមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបានពិភាក្សាគ្នាក្នុងការរៀបចំដំណើរការប្រឡងបាក់ឌុបឆ្នាំ២០១៨នេះ ធ្វើយ៉ាងណាឲ្យមានភាព រលូន ល្អប្រសើរ និងស្វែងរកនៅចំណុចខ្វះខាតដែលបានជួបប្រទះមួយចំនួន។
បន្ថែមពីនេះទៀតលោកបញ្ជាក់ថា ការប្រឡងបាក់ឌុប ក្នុងឆ្នាំ២០១៧ ក្រុមការងារ ACU ចាប់បានកំហុសរបស់សិស្ស មានចំនួន ៥៩ករណី ត្រូវបានក្រសួងអប់រំកំណត់ឲ្យធ្លាក់ដោយស្វ័យប្រវត្ត ដោយសារពួកគាត់មិនគោរពតាមលក្ខខណ្ឌរបស់ក្រសួងអប់រំ ដូចជា ហាមយកទូរស័ព្ទចូលក្នុងមណ្ឌលប្រឡង ម៉ាស៊ីនគិតលេខ សំណៅឯកសារ ប្តូរលេខតុគ្នាអង្គុយ ប្តូររូបថត ឬប្រឡងជំនួស ជាដើម។
លោក ជូ វុនធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨នេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ២១ ខែសីហា ឆ្នាំ២០១៨ ដោយមានសិស្សានុសិស្សប្រឡងចំនួន ៤,៥២៦នាក់ ចែកចេញជា២ក្រុមរួមមានថ្នាក់វិទ្យាសាស្ត្រចំនួន១,៨៦៧នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ២,៦៥៩នាក់ ក្នុងនោះមានមណ្ឌលប្រឡងចំនួន១០មណ្ឌល មណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៦មណ្ឌល៕