(ក្រចេះ)៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង៤៨នាក់ផ្សេងទៀត ធ្លាក់ខ្លួនឈឺហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសង្ស័យពុលស្រាស នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តក្រចេះ បានឲ្យដឹងថា តាមព័ត៌មានជំហ៊ានដំបូង គឺពួកគាត់ចូលរួមបុណ្យសពនៅភូមិឃុំកើតហេតុ ហើយនាំគ្នាផឹកស្រាសស្រាថ្នាំបានមានអាការៈធីងធូង វិលមុខ ណែនដើមទ្រូង ស្រវាំងភ្នែក ឈឺក្បាល។
មន្រ្តីមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា ហេតុការណ៍ពុលនេះសង្ស័យពុល មេតាណុលនៅក្នុងស្រាស ហើយខាងមន្ទីរជំនាញកំពុងស្រាវជ្រាវដោយយកស្រាទាំងនោះ ទៅពិសោធន៍នៅក្រសួងសុខាភិបាល និងអប់រំបញ្ឈប់ជាបណ្ដោះអាសន្នការផឹកស្រាបែបនេះ។
យ៉ាងណាក៏ដោយពាក់ព័ន្ធករណីនេះ លោក គង់ គឹមនី អភិបាលស្រុកស្នួល បានបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ អ្នកជំងឺបានធូរស្រាល និងបានចេញពីមន្ទីរពេទ្យជាបណ្ដើរៗហើយ ដោយនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅសល់តែ២៥នាក់ប៉ុណ្ណោះ។
តាមមេភូមិស្នួលកើត លោក កូយ អ៊ិន បានឲ្យដឹងថា រយៈពេល២ថ្ងៃមកនេះ ប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់ បានទៅធ្វើចំការនៅភ្នំព្រេច ស្រាប់តែបានសត្វទន្សងមួយក្បាល ក៏បាននាំគ្នាក្លែមជាមួយស្រាស មានគ្នាប្រហែល១០នាក់ ស្រាប់តែមានអ្នកស្លាប់២នាក់ (ម្នាក់នៅក្នុងភូមិ និងម្នាក់ទៀតនៅភ្នំទួលព្រេច)។ បន្ទាប់ពីបានស្លាប់ហើយ ប្រជាពលរដ្ឋនៅក្នុងភូមិ បានទៅកំដរបុណ្យសព ដោយយកស្រាសពីភ្នំទួលព្រេច រហូតមានអ្នកធ្លាក់ខ្លួនឈឺតែម្តង។
ដោយឡែកលោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកនេះដែរ នៅពេលនេះមន្រ្តីជំនាញរបស់ក្រសួង មិនទាន់អាចវាយតម្លៃ បានយ៉ាងណានោះទេ ពោលបាននិងកំពុងធ្វើការស្រាវជ្រាវដោយប្រមូលព័ត៌មានឲ្យបានលំអិតជាមុនសិន៕