(ត្បូងឃ្មុំ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីបក្សនៅស្រុកមេមត់ និងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ហើយនោះ, នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្ដចុះជួបសំណេះសំណាលជាមួយមន្ត្រីបក្ស ស្រុកតំបែរ ខេត្តត្បូងឃ្មុំដដែល ដោយបានជំរុញឲ្យមន្ត្រីបក្សគ្រប់ជាន់ថ្នាក់ ប្រឹងប្រែងដឹកនាំធ្វើសកម្មភាពក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមប្រៀបឈ្នះនៅក្នុងការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាខាងមុខ។
សម្តេចពញាចក្រី ហេង សំរិន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សកាន់អំណាច បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ ក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅកាន់ការអភិវឌ្ឍដូចសព្វថ្ងៃក្រោមដំបូល នៃសុខសន្តិភាព ដែលប្រការនេះធ្វើឲ្យយើងតែងទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នាការបោះឆ្នោតកន្លងៗមក តែយើងមិនត្រូវមោទកភាពនឹងជ័យជម្នះនេះ ដោយភ្លេចការខិតខំប្រឹងប្រែងនោះទេ។
សម្តេចបានគូសបញ្ជាក់ថា សាមគ្គីភាព ការឯកភាពផ្ទៃក្នុងបក្ស គឺធ្វើឲ្យបក្សទាំងមូលទទួលបានជោគជ័យ តែអ្វីដែលយើងទាំងអស់គ្នាក្នុងនាមជា គណបក្សកាន់អំណាចត្រូវតែបន្ត នូវកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈរក្នុងការបម្រើប្រទេស និងប្រជាជននោះទើបយើងអាចទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋម្ចាស់ឆ្នោតជាបន្តទៀត។
សម្តេចពញាចក្រី ហេង សំរិន បានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន នឹងនៅតែបន្តធ្វើជានាយករដ្ឋមន្ត្រីតទៅទៀត ដើម្បីដឹកនាំប្រទេសឲ្យមានការរីកចម្រើន បន្ថែមទៀត នៅលើអ្វីដែលយើងមានស្រាប់ដូចសព្វថ្ងៃនេះ។ ដូច្នេះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតនាពេលដ៏ខ្លីខាង មុខនេះគឺជាការសំខាន់បំផុត៕