(កំពង់ស្ពឺ)៖ ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបញ្ជាឲ្យរុះរើ និងវាយចោលជាបន្ទាន់នូវសំណងរឹងមួយ ដែលបានសាងសង់យ៉ាងអនាធិបតេយ្យ នៅតំបន់អាងទឹកទំនប់ឥណ្ឌា ស្ថិតក្នុងភូមិអូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់។
ជាក់ស្ដែងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅពិនិត្យផ្ទាល់នៅតំបន់ខាងលើ ដែលសាងសង់លើដីរដ្ឋដែលមានទំហំ ១២ម៉ែត្រ គុណ២៤ម៉ែត្រ ទម្រង់ជាហាងការ៉ាអូខេ និងជាប្រភេទសំណង់អនាធិបតេយ្យលើទំនប់អាងទឹកតាសាល ដែលពលរដ្ឋនិយមហៅថាទំនប់ទឹកឥណ្ឌា ជាទីទេសចរណ៍ធម្មជាតិមួយក្នុងចំណោមតំបន់ជាច្រើនផ្សេងទៀតក្នុងខេត្តកំពង់ស្ពឺ។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា ប្រភពមួយចំនួនបានលើកឡើងថានៅតំបន់តាសាលនេះ ឲ្យតែមានពលរដ្ឋណាហ៊ានទៅសាងសង់ខ្ទម ឬសំណង់មិនរឹង តែងបានសមត្ថកិច្ចទៅដេញ និងរុះរើចោលភ្លាមៗ ប៉ុន្តែដល់សំណង់ដ៏រឹងមាំខាងលើនេះ បានសាងសង់ស្ទើបាន៦០%ទៅហើយ ទើបបែកការ និងមានក្រុមការងារចុះត្រួតពិនិត្យដឹង។
យ៉ាងណាមិញ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មិនអនុញ្ញាតជាដាច់ខាតក្នុងការសាងសង់រំលោភលើដីរដ្ឋមួយនេះ ហើយបញ្ជាឲ្យក្រុមការងារវ៉ៃចោល បើសិនមានករណីចាំបាច់ ឬត្រូវរឹបអូសដោយច្បាប់ក៏ថាបាន។
ក្រោមបទបញ្ជារបស់គណបញ្ជាការឯកភាពខេត្ត លោក វ៉ី សំណង មិនអនុញ្ញាតឲ្យជនខិលខូចណាម្នាក់ អាចទន្ទ្រានយកដីក្នុងតំបន់ទេសចរណ៍នេះបានទេ៕