(ពោធិ៍សាត់)៖ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជានកម្ពុជា ដឹកនាំដោយលោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជន និងលោកស្រី បានបន្តដឹកនាំសហការី ចុះជួបនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅចំណុចភូមិចុងខ្លុង ឃុំអូរសណ្តាន់។
លោក អូស្មាន ហាស្សាន់ នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានផ្តាំផ្ញើដល់សកម្មជនគណៈចលនាសាសនិកឥស្លាមគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ យុវជន លោកគ្រូអ្នកគ្រូខ្មែរឥស្លាម និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបន្តគាំទ្រ ផ្សព្វផ្សាយគោលនយោបាយទាំង១១របស់ គណបល្សប្រជាជនកម្ពុជា ទៅកាន់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទូទាំងស្រុកឲ្យបានជ្រាប និងរីករាយជាមួយនឹងគោលនយោបាយជាអត្ថប្រយោជន៍ដ៏មហិមា។
បើតាមលោក អូស្មាន ហាស្សាន់ ជាពិសេសការផ្សព្វផ្សាយ ក្រើនរំលឹកពីថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងខិតមកដល់ប៉ុន្មានថ្ងៃទៀតនេះ ដើម្បីឲ្យពួកគាត់ត្រៀមខ្លួននាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាថ្ងៃសំខាន់សម្រាប់គ្រប់គ្នាទៅបោះឆ្នោត ហើយសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលឈរនៅលេខរៀងទី២០ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍ៕