(កំពង់ឆ្នាំង)៖ សហគមន៍ខ្មែរឥស្លាមស្រុកកំពង់ត្រឡាច ស្រុករលាប្អៀ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រួមមាន ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាម សកម្មជនបក្ស សមាជិក និងមហាជនអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ខ្ទង់ពាន់នាក់ បានជួបជុំគ្នាធ្វើការប្តេជ្ញាថា ត្រៀមខ្លួនជានិច្ចសម្រាប់ថ្ងៃ២៩ ខែកក្កដានេះ គឺទៅបោះឆ្នោតដើម្បីបន្តដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា និងដើម្បីសម្តេចតេជោ ហ៊ុន សែន នៅតែធ្វើជានាយករដ្ឋមន្ត្រី។
ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសដែលលោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា និងលោកស្រី អមដំណើរដោយសហការី បានអញ្ជើញសំណេះសំណាល នៅភូមិស្រែប្រិយ ឃុំអូរឫស្សី និងភូមិអូរសណ្តាន់ ឃុំរលាប្អៀ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោក អូស្មាន ហាស្សាន់ បានកោតសរសើរ ចំពោះសហគមន៍ខ្មែរឥស្លាម ដែលកន្លងមកតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះគណបក្សប្រជាជនកម្ពុជា ហើយក៏សូមឲ្យការប្តេជ្ញាគាំទ្រនេះ នៅដិតជាប់នឹងដួងចិត្ត និងកាយវិការនៃការចូលរួមរបស់បងប្អូនដោយឆន្ទៈមុះមត់ ដើម្បីសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ តទៅមុខជាបន្តបន្ទាប់។
បន្ទាប់មកលោកប្រធានគណៈចលនា និងលោកស្រី ដឹកនាំសហការី សំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយទាំង១១ខ របស់គណបក្សប្រជាជនកម្ពុជា នៅឯភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង៕