(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៦ នៅថ្ងៃទី២៩កក្កដា ខាងមុខនេះជាការបោះឆ្នោតមួយ ដ៏មានសារសំខាន់បំផុត ដើម្បីកំណត់ជោគវាសនាខ្លួនឯង និងជោគវាសនាប្រទេសជាតិយើង។

អ្វីដែលយើងគួរគប្បីយល់នោះគឺ មាននិន្នាការពីរកំពុងដើរបញ្ច្រាសទិសគ្នា។ និន្នាការទី១៖ គឺជាក្រុមភាគច្រើនដែលតំណាងដោយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចដ៏ចំណាស់មួយនៅកម្ពុជា និងនៅក្នុងតំបន់។ គណបក្សនេះឈ្នះឆ្នោតជារៀង រហូតមកដោយសារពលរដ្ឋភាគច្រើនបោះឆ្នោតគាំទ្រ ហើយបច្ចុប្បន្នកំពុងដើរតួនាទីជាអ្នកការពារការបោះឆ្នោតជាទៀងទាត់ ការពារសន្តិភាព ស្ថិរភាពនយោបាយ និងការពារអធិបតេយ្យភាពជាតិ ចេញពីការជ្រៀតជ្រែករបស់បរទេស។
រីឯនិន្នាការទី២៖ ជាក្រុមសំឡេងភាគតិច តំណាងដោយក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី ។ ក្រុមនេះជាអ្នកតាមយាយីបំផ្លាញការបោះឆ្នោត បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងដាក់ខ្លួនជាកញ្ជះបរទេសដាច់ថ្លៃ។ ក្រុមនេះកំពុងរិះរកមធ្យោបាយ និងឧបាយកលពិសពុលគ្រប់បែបយ៉ាងដើម្បីអុកឡុកការបោះឆ្នោត តាមរយៈការធ្វើឲ្យមានភាពវឹកវរ ចលាចលសង្គម បាត់បង់ស្ថិរភាពនយោបាយ ហើយអូសទាញប្រទេសឲ្យធ្លាក់ ក្នុងកលយុគនិងភ្លើងសង្គ្រាម។ ក្រុមនេះធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីកុំឲ្យប្រទេសនេះបានស្ងប់ស្ងាត់ កុំឲ្យប្រជាពលរដ្ឋខ្មែរដេកលក់ស្រួល កុំឲ្យបរទេសយកលុយមកវិនិយោគនៅស្រុកខ្មែរ។

ក្នុងន័យនេះ ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា គឺជាការបោះឆ្នោត ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ៖

អត្ថន័យទី១៖ គឺជាការបោះឆ្នោត ដើម្បីកំណត់ជោគវាសនារបស់យើង និងប្រទេសយើង។ ចេញទៅបោះឆ្នោតថ្ងៃ២៩កក្កដា មានន័យថា ជាការរក្សាសន្តិភាព ស្ថិរភាពសង្គម និងរក្សា លំនឹងជីវភាពដែលយើងកំពុងមានសព្វថ្ងៃ និងបន្តអភិវឌ្ឍឈានឡើងកាន់តែខ្ពស់ថែមទៀតក្រោមម្លប់សុខ សន្តិភាព និងការអភិវឌ្ឍ។
 
អត្ថន័យទី២៖ គឺជាការបោះឆ្នោតដើម្បីការពារអ្នកកសាង និងប្រឆាំងអ្នកបំផ្លាញ៖ ទោះបីជាអ្នកកសាងមានចំនួនភាគច្រើនរួច ទៅហើយក្តី ប៉ុន្តែយើងទាំងអស់ គ្នាត្រូវចូលរួមចំណែកការពារអំពើល្អដោយនាំគ្នាចេញទៅបោះឆ្នោត ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសរបស់យើង។ ការចេញទៅបោះឆ្នោត ក៏ដើម្បីបង្ហាញការប្រឆាំងចំពោះក្រុមដែលចាំតែបំផ្លាញដំណើរការ បោះឆ្នោតមិនព្រមឈប់នោះផងដែរ។ នេះជាគុណធម៌ដ៏ល្អសម្រាប់ពូជសាសន៍ខ្មែរ។

អត្ថន័យទី៣៖ គឺជាការបោះឆ្នោតដើម្បីរក្សារបបប្រជាធិបតេយ្យ សេរី ពហុបក្ស កុំឲ្យបាត់បង់។
បច្ចុប្បន្ន មានគណបក្សនយោបាយជាច្រើនបានកកើតឡើងជាបន្តបន្ទាប់។ ចំនួនកើន ឡើងយ៉ាងគំហុកនៃគណបក្សនយោបាយរយៈពេលចុងក្រោយនេះ សបញ្ជាក់ថា ប្រជាធិបតេយ្យ សេរី ពហុបក្សខំប្រឹងដុះពន្លកនៅលើទឹកដីកម្ពុជា ខណៈដែលគណបក្សមួយនោះ ដែលប្រកាន់ទស្សនៈអញនិយម មានតែអញខ្លាំង មានតែអញគ្រាន់បើ បានស្លាប់បាត់ពីភពនយោបាយទៅហើយដោយសារតែ
មហិច្ឆតាដ៏អាក្រក់របស់ខ្លួន។ ដូច្នេះការចេញទៅបោះឆ្នោតថ្ងៃទី២៩ កក្កដា មានន័យថា យើងទាំងអស់គ្នាចូលរួមពូនជ្រុំរបបប្រជាធិបតេយ្យ សេរី ពហុបក្ស ឲ្យកាន់តែលូតលាស់ទៅមុខ។

អត្ថន័យទី៤៖ គឺជាការបោះឆ្នោតដើម្បីពង្រឹងអធិបតេយ្យភាពជាតិ និងមោទនភាពជាតិក្នុងនាមជាខ្មែរពូជអ្នកសាងអង្គរ, ខ្មែរពូជអ្នកខ្លាំងមិនឱនក្បាលធ្វើកញ្ជះបរទេសណាទាំងអស់។ នៅពេលដែលយើងទាំងអស់គ្នាបង្ហាញឆន្ទៈថា ខ្មែរអាចឈរលើជើងខ្លួនឯងទាំងពីរបាន ខ្មែរអាច ពឹងលើបាតដៃរបស់ខ្លួនផ្ទាល់បាន និងខ្មែរអាចរស់ដោយកម្លាំងញើសឈាមខ្លួនឯងបាន យើងនឹងក្លាយជាពូជសាសន៍មួយរឹងមាំ ទៅថ្ងៃអនាគតដែលមិន ដេកចាំពឹងលើមហាអំណាច ណាទាំងអស់។

និយាយដោយខ្លី ការចេញទៅបោះឆ្នោតនៅថ្ងៃទី២៩កក្កដា ខាងមុខនេះ គឺជាកាយវិការដែលយើងចង់បង្ហាញថា យើងឈរនៅខាងសភាវៈល្អ ~ នៅខាងអ្នកសង្គ្រោះ អ្នកកសាង និងអ្នកការពារ ហើយយើងស្អប់ខ្ពើមអ្នកបំផ្លាញ, អ្នកជាន់ពន្លិច និងអ្នកនាំប្រទេសទៅរកភាពវឹកវរ។ យើងស្រឡាញ់ការពារអ្នកជាតិនិយម និងស្អប់ខ្ពើមពួកបរទេសនិយម។ យើងស្រឡាញ់អ្នកដឹកនាំដែល នៅជាមួយយើងគ្រប់កាលៈ ទេសៈ និងមានមុខពេលយើងជួបការលំបាក តែយើងស្អប់ខ្ពើមអ្នកនយោបាយដែលពូកែបង្កបញ្ហា ហើយរត់ចោលស្រុក ទុកឲ្យយើងរងារកំព្រាឯកា។ ទាំងនេះគឺជាអត្ថន័យដែលយើង ទាំងអស់គ្នាត្រូវចេញទៅ បោះឆ្នោតនៅថ្ងៃទី២៩កក្កដា ឲ្យបានគ្រប់គ្នាក្នុងនាមជាពលរដ្ឋល្អដែលមិនចង់ឃើញ ប្រទេសជាតិធ្លាក់ក្នុងសភាពវឹកវរ ចលាចលសារជាថ្មី៕

ដោយ៖ តំណាងពលរដ្ឋខ្មែរអ្នកបោះឆ្នោត