(តាកែវ)៖ ដោយគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកគិរីវង់ បានរៀបចំពិធីជួបជុំគ្នា នៅការិយាល័យបក្សស្រុក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពទូទៅ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ អាណត្ដិទី៦ និងបង្កើនការយល់ដឹងឲ្យបានច្បាស់អំពីតួនាទី ភារកិច្ច និងការត្រៀមខ្លួនរបស់ក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្ស ដើម្បីឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតខាងមុខនេះ។
កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សុខ សូកាន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ និងលោក សុខ សូកេន ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ អមដំណើរដោយអនុប្រធានក្រុមការងារស្រុក អនុប្រធានក្រុមការងារយុវជនខេត្ត ក្បាលម៉ាស៊ីនយុវជនបក្សស្រុកទាំង១០ នៃខេត្តតាកែវ រួមទាំងសមាជិក-សមាជិកា ក្រុមការងារយុវជនបក្សស្រុកគិរីវង់ជាង ៥៥០នាក់។
ថ្លែងក្នុងឱកាសនោះ លោក សុខ សូកាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោក សុខ សូកេន និងក្រុមការងារយុវជនទាំងអស់ ដែលបានចូលរួមចំណែក និងសហការយ៉ាងល្អជាមួយគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងបុព្វហេតុជាតិ និងប្រជាជនកន្លងមក ហើយសង្ឃឹមថា ក្រោមការដឹកនាំរបស់លោក សុខ សូកេន សកម្មភាពយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នឹងកាន់តែផុលផុសសកម្មឡើងបន្ថែមទៀត។
លោកអ្នកតំណាងរាស្ត្របានរំឭកថា យុវជន និងប្រជាពលរដ្ឋស្រុកគិរីវង់ទាំងមូល ពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលមានឥស្សរជនជាតិជាន់ខ្ពស់ ដើមកំណើតស្រុកគិរីវង់ដ៏ឆ្នើមម្នាក់ ដែលមានស្នាដៃធំធេងដោយបានរួមចំណែកកសាងជាតិមាតុភូមិ ឱ្យមានសុខសន្តិភាពពេញលេញ ជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍលើគ្រប់វិស័យ និងលើកស្ទួយវប្បធម៌ជាតិ ប្រកបដោយបញ្ញានុភាព រហូតត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រស្នើសុំគោរមងារជូនជា «សម្តេចវិបុលបញ្ញា សុខ អាន» ដើម្បីឱ្យសមនឹងស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់សម្តេច។ ដូចនេះ យុវជនគ្រប់រូបត្រូវរៀនសូត្រពីគំរូវីរភាព ការប្តេជ្ញាលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងដំណើរការស្វែងរក និងរក្សាសន្តិភាព ការអភិវឌ្ឍ និងសេចក្តីថ្លៃថ្នូរជូនជាតិ និងប្រជាជន ហើយថាគណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជាមួយប្រជាជនគ្រប់កាលៈទេសៈ។
លោកក៏បានក្រើនរំឭកដល់សកម្មជនយុវជនបក្សទាំងអស់ ដែលទទួលបានការចាត់តាំងភារកិច្ចសំខាន់ៗ ក្នុងអំឡុងពេលយុទ្ធនាការឃោសនា ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ត្រូវបន្តខិតខំបំពេញភារកិច្ចដោយយកចិត្តទុកដាក់ និងរួមកម្លាំងសាមគ្គីគ្នា ដើម្បីធានាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ក្នុងការបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់អាណត្តិទី៦ និងដើម្បីបន្តរក្សាកេរិ៍តឈ្មោះស្រុកគិរីវង់ ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរតកស្នាដៃដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន។
លោកបានអំពាវនាវដល់សមាជិក-សមាជិកា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ទាំងអស់ ចូលរួមអបអរសាទរការប្រារព្ធខួប នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកឱ្យបានច្រើនកុះករ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដើម្បីរំឭកពីភាពជោគជ័យដ៏ត្រចះត្រចង់របស់ប្រជាជាតិខ្មែរទាំងមូល ប្រកដោយមោទនភាពជាតិជាទីបំផុត ក្នុងការលើកស្ទួយវិស័យវប្បធម៌ជាតិ៕