(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ មានរយៈពេល១សប្តាហ៍ហើយ ដែលដំណើរការឃោសនាបោះឆ្នោតនៅកម្ពុជា ហើយនៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នឹងចូលមកដល់។ (ទស្សនាវិដេអូកិច្ចសម្ភាសន៍)
ជុំវិញដំណើរការរៀបចំការបោះឆ្នោតរយៈពេលកន្លងមកនេះ ត្រូវបានអ្នកនយោបាយជើងចាស់មួយរូប ដែលធ្លាប់ហែលឆ្លងព្រឹត្តិការណ៍សំខាន់ៗក្នុងសង្គមកម្ពុជាបានលើកឡើងថា ដំណើរការនៃការរៀបចំការបោះឆ្នោតសម្រាប់អាណត្តិទី០៦ ឆ្នាំនេះ គឺដំណើរការទៅមុខយ៉ាងរលូនល្អណាស់ ដោយសារតែបាត់នូវពួកអាណាធិបតេយ្យ គឺអតីតបក្សសង្គ្រោះជាតិ។
លោកទេសរដ្ឋមន្ត្រី សេរី កុសល ដែលត្រូវបានគេស្គាល់ថា អ្នកនយោបាយជើងចាស់មួយរូបនោះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំចង់បញ្ជាក់គឺ ដំណើរការបោះឆ្នោតនៅពេលនេះ មានភាពងាយស្រួល និងដំណើរការដោយរលូនល្អខុសពីមុន មានន័យថា ពីមុនប្រទេសកម្ពុជា ឲ្យតែដល់រដូវការបោះឆ្នោតម្ដងៗ តែងតែទិញអង្ករទុកភ័យខ្លាចមិនហ៊ានចេញទៅណាមកណា សំងំតែក្នុងផ្ទះមិនហ៊ានដើរចេញក្រៅឡើយ តែសម្រាប់បច្ចុប្បន្ននេះ ក្រោយពីភាពអាណាធិបតេយ្យត្រូវបានលុបបំបាត់ [បក្សសង្គ្រោះជាតិ] យើងឃើញថា បងប្អូនទៅចូលរួមបោះឆ្នោត ធ្វើការឃោសនាបោះឆ្នោត តាមបែបផែនរបស់គេ តាមសមត្ថភាពរបស់គេ ដូច្នេះការបោះឆ្នោតជាការចាំបាច់បំផុត»។
ត្រង់ចំណុចអាណាធិបេត្យនេះ ត្រូវបានលោកទេសរដ្ឋមន្ត្រី លើកឧទាហរណ៍ជាក់ស្តែង កាលពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី០៥ ឆ្នាំ២០១៣ ដែលពេលនោះបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី និង លោក កឹម សុខា បានបំផុសចលនាឲ្យមានការធ្វើបាតុកម្មតវ៉ាលទ្ធបោះឆ្នោត ដែលនាំមកនូវភាពរញ៉េរញ៉ៃដល់សង្គមជាតិ។ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានហៅការតវ៉ានៅពេលនោះ គឺដើម្បីតែលាភសក្ការៈ និងអំណាចប៉ុណ្ណោះ មិនបានគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជននោះឡើយ។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានលើកឡើងថា ការបោះឆ្នោតក្នុងប្រទេសកម្ពុជា ដែលកំពុងរៀបចំដំណើរការនេះ គឺជាការចាំបាច់ និងជាជម្រើសតែមួយគត់ សម្រាប់ប្រទេសកម្ពុជា ព្រោះថាកម្ពុជាបានចំណាយពេលវេលា ចំណាយអាយុជីវិតប្រជាពលរដ្ឋច្រើនណាស់ ទម្រាំបានមកដល់ការបោះឆ្នោត ដែលមាន គឺរយៈពេល៥ឆ្នាំម្ដង។ លោកថា ការរៀបចំការបោះឆ្នោតនេះ មិនតម្រូវទៅតាមការចង់បាន របស់បរទេសណានោះទេ ហើយក៏មិនមែនធ្វើតាមការចង់បាន របស់បុគ្គលមួយណាឡើយ ការបោះឆ្នោតនេះធ្វើឡើង តាមការផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគោរពទៅតាមប្រតិទិន និងច្បាប់ទម្លាប់ជាធរមាន ដូច្នេះដំណើរការបោះឆ្នោតនេះ នឹងឥតខ្ចោះទៅតាមប្រតិទិន ដែលយើងបានរៀបចំឡើង។
លោកទេសរដ្ឋមន្តី សេរី កុសល បានបញ្ជាក់បន្ថែមថា «ស្របទៅតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងព្រះមហាក្សត្រជាទីគោរពសក្ការៈខ្ពស់ខ្ពស់បំផុតនៃយើង ការទៅចូលរួមបោះឆ្នោត គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។ ការបោះឆ្នោតនេះ ធ្វើឡើងមិនដើម្បីបុគ្គលណាម្នាក់ទេ តែធ្វើឡើងតាមអ្វីដែលប្រទេសយើងទទួលបានតាមបែបផែនលិទ្ធប្រជាធិបតេយ្យ ដែលគេហៅថា ជាលទ្ធិមួយស្របទៅតាមអ្វីដែល ជាដំណើរក្នុងប្រទេសកម្ពុជា ដូច្នេះយើងទៅចូលរួមបោះឆ្នោតទាំងអស់គ្នា»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ គណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះ៕