(ពោធិ៍សាត់)៖ ខ្សែរថភ្លើងភាគខាងជើងរាជធានីភ្នំពេញ (ភ្នំពេញ-ប៉ោយប៉ែត, ប៉ោយប៉ែត-ភ្នំពេញ) ដែលបានអវត្តមានអស់រយៈពេលជាង ៤ទសវត្សរ៍នោះ ត្រូវបានតភ្ជាប់ និងដាក់ឲ្យដំណើរឡើងវិញទាំងស្រុងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។ ជាមួយការដាក់ឲ្យដំណើរឡើងវិញនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសផ្តល់ការធ្វើដំណើរតាមរថភ្លើងភ្នំពេញ-ប៉ោយប៉ែត, ប៉ោយប៉ែត-ភ្នំពេញ ដោយឥតគិតថ្លៃ ដល់ដាច់ខែកក្កដា នេះ។
តើបងប្អូនប្រជាពលរដ្ឋខ្មែររូបណាខ្លះចង់ស្គាល់រសជាតិនៃការធ្វើដំណើរតាមខ្សែរថភ្លើង ដែលជាមធ្យោបាយដ៏ពេញនិយមរបស់ប្រជាពលរដ្ឋពីសង្គមចាស់នោះ? ខាងក្រោមនេះ គឺជាតារាងពេលវេលានៃការចេញដំណើររបស់រថភ្លើង៖
ប៉ោយប៉ែត-ភ្នំពេញ៖ (ថ្ងៃអាទិត្យ អង្គារ ព្រហស្បតិ៍)
- ប៉ោយប៉ែត-សិរីសោភ័ណ្ឌ វេលាម៉ោង ៦៖៣០នាទីព្រឹក
- សិរីសោភ័ណ្ឌ-បាត់ដំបង វេលាម៉ោង ៨៖០០នាទីព្រឹក
- បាត់ដំបង-ពោធិ៍សាត់ វេលាម៉ោង ១០៖៤០នាទីព្រឹក
- ពោធិ៍សាត់-ភ្នំពេញ វេលាម៉ោង ២៖៣០នាទីរសៀល។
ភ្នំពេញ-ពោធិ៍សាត់៖ (សៅរ៍ ចន្ទ ពុធ)
- ភ្នំពេញ-ពោធិ៍សាត់ វេលាម៉ោង ៦៖៣០នាទីព្រឹក
- ពោធិ៍សាត់-បាត់ដំបង វេលាម៉ោង ១២៖៤០នាទីថ្ងៃត្រង់
- បាត់ដំបង-សិរីសោភ័ណ្ឌ វេលាម៉ោង ៤៖៤០នាទីល្ងាច
- សិរីសោភ័ណ្ឌ-ប៉ោយប៉ែត ៧៖៣០នាទីយប់។
ជាការកត់សម្គាល់ការដាក់ឲ្យផ្លូវដែកនេះដំណើរការឡើងវិញ នឹងជួយសម្រួលដល់ការតភ្ជាប់រវាងប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ស្របតាមកិច្ចព្រមព្រៀងគ្នាទ្វេភាគី រវាងប្រទេសទាំងពីរ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម ឲ្យដល់កម្រិត ១៥ប៊ីលានដុល្លារអាមរិក នៅត្រឹមឆ្នាំ២០២០ខាងមុខនេះ។ វាក៏ជាចំណែកមួយក្នុងការជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរ ជាពិសេសជួយកាត់បន្ថយការចំណាយជាច្រើនលើថ្លៃដឹកជញ្ជូន។ ទាំងនេះជាផែនការមួយរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងការជម្រុញវិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរឡើង៕