(ឧត្តរមានជ័យ)៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៨នេះ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងគ្រួសារកងកម្លាំង នៅអង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៧០២ នៅទីបញ្ជាការវរសេនាតូចលេខ៤២២ បន្ទាយដើមប្រេងខ្យល់ ប្រចាំទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ លោក កែវ រតនៈ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជានិច្ចដល់សុខទុក្ខរបស់កងកម្លាំងនគរបាល និងយោធាដែលកំពុងឈរជើងការពារព្រំដែន និងសម្តែងការកោតសរសើរ ដល់ជីវភាពពុះពារការលំបាក ខិតខំបំពេញភារកិច្ចរបស់កងម្លាំង ដោយមានកិច្ចសហការឧបត្ថម្ភគាំទ្រពីសំណាក់អាជ្ញាធរដែនដី និងបណ្តាសមត្ថកិច្ចដទៃទៀត តាមបណ្តោយព្រំដែន ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួមកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយ ប្រទេសជិតខាង ជាមិត្តភូមិផងរបងជាមួយ បានល្អប្រសើរគួរឲ្យកត់សម្គាល់។ ស្នាដៃនេះ គឺជាចំណែក នៃសមិទ្ធផលដ៏ធំធេង សម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនជឿនលឿនជាលំដាប់។
លោក កែវ រតនៈ បានបន្តថា កត្តាសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីធានាដល់ភាពរុងរឿងថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្ត របស់ប្រជាជន នាពេលបច្ចុប្បន្ននេះ ក៏ដូចជាទៅថ្ងៃអនាគត គឺមានតែសុខសន្តិភាព និងស្ថិរភាព របៀបរៀបរយជាបុព្វហេតុដើម្បីធានា ឲ្យប្រទេសកម្ពុជា បន្តអភិវឌ្ឍន៍ទៅមុខប្រកបដោយចីរភាព នៅលើផ្លូវប្រជាធិបតេយ្យ សេរី ពហុបក្ស ពិតប្រាកដ។
លោក កែវ រតនៈ ក៏បានវាយតម្លៃខ្ពស់ថា កងទ័ពកម្ពុជា ពិតជាមានទឹកចិត្តមោះមុខ ការពារទឹកដី និងរាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ និងអង់អាចក្លាហាន៕