(ភ្នំពេញ)៖ ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ ត្រូវបុរសជាឪពុកចុងមិនស្រួលខ្លួនប្រើឲ្យកោសខ្យល់ ហើយធ្វើសកម្មភាពបង្ខំចាប់រំលោភសេពសន្ទវៈទាល់តែបានសម្រេច តែជាលទ្ធផលត្រូវបែកធ្លាយរឿងដល់ស្ត្រីជាម្ដាយ និងបានប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនភ្លាមៗ ក្រោយកើតហេតុមួយថ្ងៃ។
ហេតុការណ៍បុរសជាឪពុកចុងបង្ខំចាប់រំលោកភសេពសន្ថវៈ លើកូនស្រីចុង របស់ខ្លួននេះដែរ បានកើតឡើងនៅរសៀលថ្ងៃទី១២ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះគ្មានលេខមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះអាយុ ១២ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើជាមួយម្ដាយ និងជនសង្ស័យជាឪពុកចុងឈ្មោះ ទុំ សេរីវី អាយុ ៣១ឆ្នាំ មុខរបរខ្វៃជ្រូក។
មន្ត្រីនគរបាលបានដកស្រង់សម្តីក្រុមគ្រួសារជនរងគ្រោះមកបញ្ជាក់ថា នៅមុនពេលកើតហេតុ នារសៀលថ្ងៃ១២ ខែកក្កដា បុរសជាឪពុកចុងបានត្រឡប់មកពីខ្វៃជ្រូកវិញ ដោយមានអាការៈមិនស្រួលខ្លួន ក៏ប្រើកូនស្រីចុងឲ្យកោសខ្យល់ នាង ក៏ព្រមកោសខ្យល់ឲ្យ។ ខណៈដែលនាងកំពុងតែកោសខ្យល់ ស្រាប់តែបុរសជាឪពុកចុងនោះមានចំណង់ផ្លូវភេទ និងបង្ខំចាប់រំលោភលើរូបរាងកាយនាងទាល់តែបានសម្រេចតែម្ដង។
លុះដល់ថ្ងៃទី១៣ ក៏បែកធ្លាយរឿងដល់ស្ត្រីជាម្តាយ តាមរយៈកូនស្រីមានទឹកមុខស្រពោន និងការលួចបង្ហើបប្រាប់ ដើម្បីពិនិត្យព្យាបាលខ្លួន ទើបឈានដល់ការប្ដឹងឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ជួយអន្តរាគមន៍ឃាត់ខ្លួនបុរសជាឪពុកចុង ទៅធ្វើការសាកសួរ និងបញ្ជូនបណ្ដោះអាសន្នទៅកាន់អធិការដ្ឋាននគរបានខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕