(កណ្តាល)៖ លោក នៃ ចារី អភិបាលរងខេត្តកណ្តាល និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានថ្លែងថា ប្រទេសកម្ពុជា ក៏ដូចជាខេត្តកណ្តាលទាំងមូល មិនមែនជាកន្លែងចរាចរគ្រឿងញៀននោះទេ ប៉ុន្តែឧក្រិដ្ឋជនគ្រឿងញៀនតែងតែរិះរកគ្រប់កលល្បិច ដើម្បីប្រើប្រាស់កម្ពុជាធ្វើជាកន្លែងចរាចរផលិត កែច្នៃ នាំបន្តទៅប្រទេសទី៣។
លោក នៃ ចារី បានថ្លែងបែបនេះ ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងវិទ្យាល័យសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កងកម្លាំងទាំង៣ មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង១១ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាគមសង្រ្គោះជនរងគ្រោះដោយគ្រឿងញៀន DARAC និងប្រជាពលរដ្ឋសរុបជាង ២,០០០នាក់។
លោក នៃ ចារី បានបញ្ជាក់ថា «ប្រទេសកម្ពុជារបស់យើង ក៏ដូចជាខេត្តកណ្តាល មិនមែនជាកន្លែងផលិតគ្រឿងញៀនទេ ដោយសារតែឥទ្ធិពលនៃការផលិត និងការចរាចរគ្រឿងញៀន នៅក្នុងពិភពលោក ធ្វើឲ្យពួកឧក្រិដ្ឋជនគ្រឿងញៀនធំៗ រិះរកគ្រប់កលល្បិច មធ្យោបាយ ដើម្បីប្រើប្រាស់ប្រទេសកម្ពុជាយើង ធ្វើជាកន្លែងចរាចរឆ្លងកាត់ ដឹកជញ្ជូន រក្សាទុក និងកែច្នៃ ផលិតគ្រឿងញៀន សម្រាប់បន្តនាំចេញទៅប្រទសទី៣ និងជួញដូរ ចែកចាយ ប្រើប្រាស់មួយចំនួននៅក្នុងប្រទេសផងដែរ ដែលនាំឲ្យប្រជាជនយើងមួយចំនួន ពិសេសស្រទាប់យុវជន លង់ខ្លួនប្រើប្រាស់ ក្លាយជាអ្នកញៀន និងអ្នកបង្កនូវផលលំបាក ជាច្រើនដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ»។
លោកបានបន្ថែមទៀតថា បញ្ហាគ្រឿងញៀននេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដែលទាមទារឲ្យមានការសហការពីគ្រប់ភាគីអ្នកពាក់ព័ន្ធ ពិសេសកងកម្លាំងប្រដាប់អាវុធ មន្រ្តីតុលាការ និងប្រជាពលរដ្ឋផ្ទាល់ រួមគ្នាក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់ឲ្យខានតែបាន កុំឲ្យគ្រឿងញៀននេះចូលមកដល់ភូមិឃុំ ព្រោះបើធ្វើការបង្ក្រាប និងទប់ស្កាត់កុំឲ្យគ្រឿងញៀនចូលមកក្នុងភូមិ-ឃុំ។ បើគ្រឿងញៀនចូលមិនដល់ភូមិ-ឃុំ ក្រុមយុវជន ក៏មិនបានស្គាល់ ឬប្រើប្រាស់គ្រឿងញៀននោះដែរ ធ្វើយ៉ាងណាឲ្យសង្គមក្លាយក្លាយទៅជាសង្គមគ្មានគ្រឿងញៀន ជាសង្គមដែលមានភាពថ្លៃថ្នូរ និងសង្គមពោរពេញទៅដោយធនធានមនុស្ស។
បើតាមរបាយការណ៍៦ខែដើមឆ្នាំ កម្លាំងនគរបាលទូទាំងខេត្តកណ្តាល បង្ក្រាបគ្រឿងញឿន ២០៧ករណី ឃាត់ខ្លួនជនសង្ស័យ ៣៤៧នាក់ ស្រី១៧នាក់ ក្នុងនោះជនជាតិខ្មែរ-ឥស្លាម ៥នាក់ និងជនជាតិវៀតណាម ១នាក់ ចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក (ICE) ១,០៣៦កញ្ចប់ ស្មើរនឹងទម្ងន់ ១,០៨៤.៩១ក្រាម, MDMA (Estacy) ១៤គ្រាប់ ស្មើនឹងទម្ងន់៤,៩០ក្រាម, កញ្ឆាក្រៀម ០៧.១៧ក្រាម៕