Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចពញាចក្រី ហេង សំរិន ប្រាប់មន្ដ្រីតាមមូលដ្ឋានត្រូវផ្លាស់ប្ដូរឥរិយាបទ លុបបំបាត់ភាពក្រអឺតក្រទម ទៅជាអ្នកបម្រើពលរដ្ឋ

13-07-2018 17:28

(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនកម្ពុជា នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងឱកាសនោះ សម្តេច ហេង សំរិន បានរំលឹកដាស់តឿនដល់មន្រ្តីគណបក្សនៅមូលដ្ឋាន ត្រូវលើកកម្ពស់មនសិការ ស្នេហាជាតិខ្ពស់ គោរពស្រឡាញ់ប្រជាជន ដោយមិនរើសអើង និងបម្រើប្រជាជន ដោយស្មោះត្រង់ឥតលក្ខខណ្ឌ ត្រូវពង្រឹងនូវសាមគ្គីភាពផ្ទៃក្នុងបក្ស បន្តសកម្មភាពចិញ្ចឹមចលនា ចុះជួយមូលដ្ឋានឲ្យបានខ្លាំងក្លា ខិតខំពង្រឹង គុណភាព និងពង្រីកបរិមាណសមាជិកបក្ស តាមគោលការណ៍ រក្សាចាស់ បង្កើតថ្មី និងសមាជិកមួយរូប សន្លឹកឆ្នោតគាំទ្រ គណបក្សមួយសំឡេង។

សម្តេចពញាចក្រី ហេង សំរិន បានជំរុញមន្ត្រីគណបក្សគ្រប់ថ្នាក់ ឲ្យផ្លាស់ប្តូរឥរិយាបទ របស់ខ្លួនលុបបំបាត់ភាពក្រអឺតក្រទម ភាពជានាយម៉ឺននិយម ទៅជាមន្ត្រីអ្នកបម្រើប្រជាពលរដ្ឋ ដោយសាមញ្ញដាក់ខ្លួនឲ្យទាបជាមួយប្រជាពលរដ្ឋ អ្វីដែលប៉ះទង្គិចផលប្រយោជន៍របស់ ប្រជាពលរដ្ឋត្រូវជៀសវាងជាដាច់ខាត។

បន្ថែមពីនេះ ត្រូវបំពេញតម្រូវការជូនប្រជាជន តាមរយៈការផ្តល់សេវាសាធារណៈផ្សេងៗ ដែលជាសេវាតម្រូវការ និងខិតខំបំពេញបន្ថែមនូវសេវាសំណូមពររបស់ពួកគាត់ ត្រូវរួមគ្នាខិតខំអនុវត្តឲ្យបានល្អ៕