(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ជំរុញឲ្យប្រជាពលរដ្ឋ ក៏ដូចជាកសិករនៅក្នុងសហគមន៍បន្តផលិតពូជស្រូរក្រអូប ស្របតាមកិច្ចកុងត្រារវាងក្រុមហ៊ុនរោងម៉ាស៊ីន ទិញស្រូវ និងកសិករ នៅក្នុងសហគមន៍ធានាបានតម្លៃច្បាស់លាស់ និងធ្វើយ៉ាងណាឲ្យមានតម្លាភាពទាំងភាគីក្រុមហ៊ុន និងភាគីខាងកសិករ រកផលចំណេញទាំងសងខាង មិនស្ថិតនៅលើបបូរមាត់ឈ្មួញ ព្រោះកន្លងមកនេះ កសិករត្អូញត្អែនៅពេលរដូវប្រមូលផល។
ការជំរុញបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងសិក្ខាសាលាស្តីពីកិច្ចពិភាក្សា និងពិគ្រោះយោបល់អំពីទីផ្សាររវាងសហគមន៍កសិកម្ម និងដៃគូពាណិជ្ជកម្ម កសិកម្ម កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជូបនីយកម្មស្រូវ-អង្ករ ដែលធន់អាកាសធាតុ (Rice-SDP) ដើម្បីអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យកសិកម្ម ប្រកបដោយសក្តានុពល។
ជាមួយគ្នានេះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានថ្លែងថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងធនធានទឹក និងឧតុនិយម បានខិតខំស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រជាបន្តបន្ទាប់ ហើយកន្លងមករាជរដ្ឋាភិបាល បានស្តារឡើងវិញនូវប្រព័ន្ធធារាស្ត្រជាច្រើន សម្រាប់ការពង្រីកបន្ថែមសមត្ថភាពស្រោចស្រព សម្រាប់ប្រជាកសិករ ដែលរស់នៅក្នុងតំបន់ អាចធ្វើការដំាដុះបានគ្រប់រដូវកាល ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង និងការរីកលូតលាស់ នៃសេដ្ឋកិច្ចរបស់គ្រួសារ និងសង្គមជាតិ ជួយសម្រាលការលំបាកការខ្វះខាត ទឹកប្រើប្រាស់នៅរដូវប្រាំង និងបានរួមចំណែកក្នុងកាត់បន្ថយបញ្ហាប្រឈម នៃការប្រែប្រួលអាកាសធាតុ និងលើកម្ពស់គុណភាព និងបរិមាណស្រូវ ព្រមទាំងខិតខំរកទីផ្សារកសិផល សម្រាប់នាំចេញទៅក្រៅផងដេរ។
បន្ថែមពីនេះ លោកឧកញ្ញា ហង្ស សុគន្ធ តំណាងឲ្យសហគមន៍កសិកម្មខេត្តកំពង់ធំ បានលើកឡើងថា បច្ចុប្បន្នសហគមន៍កសិកម្មនៅក្នុងខេត្តកំពង់ធំ មាន៦៤សហគមន៍ប្រមូលផលស្រូវ បានក្នុងមួយឆ្នាំៗចំនួន៨២ម៉ឺនតោន និងធ្វើការនាំចេញទៅក្រៅប្រទេស បានចំនួន៥០ម៉ឺនតោន កក្តាដែលនាំស្រូវចេញមិនទាន់គ្រប់តាមស្តង់ដានោះ គឺមកពីកសិករខ្វះមធ្យោបាយដឹកជញ្ចូន ខ្វះបច្ចេកទេសក្នុងការប្រើប្រាស់ជី ការខ្ចីប្រាក់ពីធនាគារខ្ពស់ ហើយលោកក៏បានស្នើសហគមន៍ប្រមូលផ្តុំគ្នាដើម្បីចងក្រងជាសហភាពសហគមន៍ងាយស្រួលរកទីផ្សារ។
លោកឧកញ្ញា សុង សារ៉ន ប្រធានក្រុមហ៊ុនអេមរុរាយស៍ ក៏បានបញ្ជាក់ថា ក្រុមហ៊ុន នឹងទទួលទិញស្រូវពីកសិករគ្រប់រូប បើផលិតពូជស្រូវទៅតាមស្តង់ដាក្រុមហ៊ុន ហើយចាប់ពីឆ្នាំ២០១៩នេះទៅ គ្រប់សហគមន៍នៅខេត្តកំពង់ធំ អាចមកចុះកុងត្រាជាមួយក្រុមហ៊ុនលោកបាន៕