(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញសំណេះសំណាលជាមួយ​ថ្នាក់ដឹកនាំ មន្ទីរជំនាញ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងយន្តការនានា និងបង្កើនប្រសិទ្ធភាពការងារដែលអង្គភាពនីមួយៗ ទទួលខុសត្រូវ ជាពិសេសការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យបានល្អ​ឆាប់រហ័ស មានតម្លាភាព យុត្តិធម៌ ដោយយកច្បាប់ និងលិខិតបទដ្ឋាននានាធ្វើជាមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្តប៉ៃលិន បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងអស់​ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសត្រូវមានរចនាសម្ព័ន្ធច្បាស់លាស់ ការប្រើប្រាស់មន្ត្រីឱ្យត្រូវតាមជំនាញ និងត្រូវគោរពវិន័យការងារ តាមតួនាទី ភារកិច្ចលក្ខខណ្ឌការងារដែលបានបែងចែក ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងខិតខំរួមគ្នា សហការគ្នាបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ​ឲ្យមានតម្លាភាព យុត្តិធម៌ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយយកច្បាប់ និងលិខិតបទដ្ឋាននានាធ្វើជាមូលដ្ឋាន។

លោក ផាន់ ចាន់ធុល បានបន្ថែមថា ដោយសារការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៦ ឈានជិតចូលមកដល់ ដូច្នេះមន្ត្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្ត ជាពិសេសការផ្តល់សេវាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ រួមមាន​ ការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ ការចុះសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈជាដើម គឺមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ដោយបង្កលក្ខណៈងាយស្រួលដល់​ពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​បានទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ខាងមុខនេះ​ឲ្យបានគ្រប់ៗគ្នា។

​លោកអភិបាលខេត្ត បានណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេស​អាជ្ញាមូលដ្ឋានទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ចំពោះជនណាដែលបានធ្វើសកម្មភាពទុច្ចរិត រារាំងដល់ដំណើរការបោះឆ្នោត ដូចជា បង្កការអុកឡុក ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត ធ្វើឲ្យមានការភ័ន្ដច្រឡំបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តិទៅបាន និងធ្វើឲ្យខូចរបៀបរៀបរយនៅពេលបោះឆ្នោត ព្រមទាំងបង្កការរំខានមិនឲ្យការរាប់សន្លឹកឆ្នោតដំណើរការទៅបានជាដើម។

បើតាមលោក ផាន់ ចាន់ធុល ​ក្នុងនាមជាមន្រ្តីរាជការ និងក្នុងនាមជាពលរដ្ឋល្អ ត្រូវចូលរួមផ្សព្វផ្សាយបន្តជូនដល់ប្រជាពលរដ្ឋ និងមហាជនទូទៅ ត្រូវរួមគ្នាថែរក្សាបរិយាកាស នៃការបោះឆ្នោតជ្រើសតាំងសមាជិកសភា អាណត្តិទី៦នេះ ឲ្យបានល្អប្រសើរ ពីព្រោះការបោះឆ្នោតនេះ គឺមានតម្លៃជាប្រវត្តិសាស្រ្តដល់ការថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍជាតិ ប្រកបដោយនិរន្តរភាព ឆ្ពោះទៅកាន់ចក្ខុវិស័យ នៃប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ខាងមុខ៕​