(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លៃការណ៍រួមគ្នាមួយ ដោយព្រមានផ្ដន្ទាទោសតាមច្បាប់ ចំពោះបុគ្គល​ ឬក្រុមហ៊ុនណា ហ៊ានប្រតិបត្តិការជួញដូរលុយអេឡិចត្រូនិក។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា​បានឲ្យដឹងថា ការចេញសេចក្តីថ្លែងការណ៍រួមនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចបានសង្កេតឃើញថា មានការផ្សព្វផ្សាយចរាចរទិញ-លក់ ជួញដូរ ទូទាត់​កាសអេឡិចត្រូនិក ដូចជា KH Coin, Suncoin, K coin, One-coin, Forex coin និងលុយអេឡិចត្រូនិក ប្រហាក់ប្រហែលគ្នានេះ យ៉ាងសកម្ម​ក្នុងប្រទេសកម្ពុជា។

អាជ្ញាធរមានសមត្ថកិច្ចបញ្ជាក់ថា ការផ្សព្វផ្សាយចរាចរទិញ-លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដោយមិនមានអាជ្ញាប័ណ្ណពីអាជ្ញាធរមានសមត្ថកិច្ច ជាសកម្មភាពខុសច្បាប់ ព្រមទាំងបង្កហានិភ័យ ​ធ្ងន់ធរដល់សាធារណជន និងសង្គមទាំងមូល ដូចជាប្រឈមនឹងឧក្រិដ្ឋកម្ម បច្ចេកវិទ្យា និងធ្វើឲ្យបាត់បង់មូលនិធិ ដោយសារការលួចចូលទៅក្នុងប្រព័ន្ធ, ពុំមានយន្ដការការពារផលប្រយោជន៍អតិថិជន អ្នកប្រើប្រាស់​កាសអេឡិចត្រូនិក ជាជនអនាមិក ពុំមានការសម្គាល់អត្តសញ្ញាណ ឬសាវតារបស់អ្នកប្រើប្រាស់បាន ច្បាស់លាស់ គឺជាហានិភ័យក្នុងការសម្អាត​ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ស្ថាប័នទាំង៣បានបញ្ជាក់ថា «សូមអំពាវនាវ ដល់សាធារណជនទាំងអស់ ប្រុងប្រយ័ត្ន ចំពោះការឃោសនាផ្សព្វផ្សាយ កៀរគរប្រមូលមូលនិធិ និងធ្វើប្រតិបត្តិការ ទិញ-លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដែលមិនមានអាជ្ញាប័ណ្ណ ពីអាជ្ញាធរមានសមត្ថកិច្ច។ សម្រាប់បុគ្គល ឬក្រុមហ៊ុនណា ដែលឃោសនាផ្សព្វផ្សាយ កៀរគរប្រមូលមូនិធិ​ ធ្វើប្រតិបត្តិការ ទិញ-លក់ ជួញដូរ ទូទាត់កាសអេឡិត្រូនិកដោយមិនមានអាជ្ញាប័ណ្ណ ពីអាជ្ញាធរមាន​សមត្ថកិច្ច និងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន»។

សូមបញ្ជាក់ថា កន្លងមកធនាគារជាតិនៃកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា បានចេញសេចក្ដីជូនដំណឹងជា ហូរហែរពាក់ព័ន្ធនឹងការ ហាមមិន​ឲ្យជួញដូរ ​ទៅលើលុយអេឡិចត្រូនិក ជាមួយក្រុមហ៊ុនដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ព្រោះអាចបណ្ដាលឲ្យខូចខាតប្រយោជន៍របស់សាធារណជន៕