(ភ្នំពេញ)៖ បើទោះបីកម្ពុជាបានរៀបចំបោះឆ្នោត៥អាណត្តិរួចទៅហើយក្តី ប៉ុន្តែឲ្យតែដល់ពេលរៀបចំដំណើរការបោះឆ្នោតម្តងៗប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបអាជីវកម្មមួយចំនួននៅតែមានអារម្មណ៍មិនស្ងប់ តែងតែព្រួយបារម្ភខ្លាចដំណើរការបោះឆ្នោតប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់ពួកគេ។ សម្រាប់ដំណើរការបោះឆ្នោតនៅអាណត្តិទី៦នេះវិញ ក្រុមអ្នកវិនិយោគមួយចំនួនមានសុទិដ្ឋិនិយមច្រើនចំពោះដំណើរការបោះឆ្នោតក្នុងអាណត្តិនេះ ហើយក៏មិនមានសញ្ញាណណាមួយរំខានដល់អាជីវកម្មរបស់ពួកគេផងដែរ។
លោក ហូ វណ្ឌី អគ្គនាយកក្រុមហ៊ុនទេសចរណ៍វើលអ៉ិចប្រេស បានលើកឡើងថា ស្ថានភាពប្រកបអាជីវកម្មទេសចរណ៍នៅកម្ពុជាមិនសញ្ញាណប្រែប្រួលនោះឡើយ ពោលនៅតែមានភាពល្អប្រសើរក្នុងពេលដែលកម្ពុជាកំពុងរៀបចំដំណើរការបោះឆ្នោតនេះ។ លោក ហូ វណ្ឌី បានមើលឃើញទៀតថា ស្ថានភាពដំណើរការអាជីវកម្មក្នុងអំឡុងពេលរៀបចំការបោះឆ្នោតនៅអាណត្តិថ្មីនេះ ក៏មានសញ្ញាណល្អប្រសើរច្រើនបើធៀបជាមួយអាណត្តិកន្លងទៅ។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោកអគ្គនាយកក្រុមហ៊ុនទេសចរណ៍វើលអ៉ិចប្រេស បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្វីៗទាំងអស់ឃើញថា មិនមានភាពអវិជ្ជមានទេមកដល់បច្ចុប្បន្ននេះ។ នៅក្នុងនោះឧស្សាហកម្មទេសចរណ៍ ជាពិសេសខាងក្រុមហ៊ុនអាកាសចរណ៍នៅតែដំណើរការដូចធម្មតា ហើយមានការវិវឌ្ឍន៍ទៅមុខទៀត»។
លោក ហូ វណ្ឌី បានឲ្យដឹងទៀតថា នៅអំឡុងពេលនេះចំនួនភ្ញៀវទេសចរក៏មានការកើនឡើងច្រើនផងដែរ។ លោកបញ្ជាក់បន្ថែមដូច្នេះ «នៅក្នុងអំឡុងពេលនេះយើងឃើញថា មានការកើនឡើងចំនួនភ្ញៀវទេសចរ នៅគ្រប់ក្រុមហ៊ុនទេសចរណ៍មានការមមាញឹកនៅក្នុងអាជីវកម្ម»។
ក្រៅពីមិនមានការប្រែប្រួលក្នុងឧស្សាហកម្មទេសចរណ៍ហើយនោះ នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក៏មិនមានសញ្ញាណណាប្រែប្រួលនៅក្នុងអំឡុងពេលដំណើរការបោះឆ្នោតនេះផងដែរ។ លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា បានឲ្យដឹងថា ទោះបីការបោះឆ្នោតខិតជិតមកដល់ ក៏វិស័យកាត់ដេរនៅកម្ពុជានៅតែដំណើរការជាធម្មតា អត់មានអ្វីខុសប្លែកពីមុខនោះទេ។
តែសម្រាប់ការអនុញ្ញាតឲ្យកម្មករសម្រាកនៅអំឡុងពេលទៅបោះឆ្នោត អាចនឹងធ្វើឲ្យប៉ះពាល់ចង្វាក់ផលិតកម្មខ្លះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ខេន លូ៕