(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា អ្នកវិនិយោគិនបរទេសទាំងអស់មិនត្រូវការប្រទេសណាមានបាតុកម្មនោះទេ ហើយបើមិនមានស្ថិរភាពនយោបាយ កុំនិយាយពីការវិនិយោគ និងការអភិវឌ្ឍលើគ្រប់វិស័យទាល់តែសោះ។
លោកបណ្ឌិត សុខ ទូច បានថ្លែងបែបនេះ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលរាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាស្តីពី «សក្តានុពល និបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» នៅសាលនាងនួន នៃរាជបណ្ឌិត្យសភា។
ប្រធានរាជបណ្ឌិតសភាកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «ងាកៗបាតុកម្ម អ្នកវិនិយោគគេអត់ត្រូវការបាតុកម្មនោះទេ គេដាក់ការវិនិយោគត្រូវការចំណេញ ស្ថិរភាពនយោបាយ បើគ្មានស្ថិរភាពនយោបាយទេ កុំនិយាយអំពីការវិនិយោគ អត់មានទេ ទោះបីប្រទេសនោះ មានយ៉ាងណាក៏ដោយ»។
លោក សុខ ទូច ក៏បានដាស់តឿនឱ្យបញវន្ត សាស្ត្រចារ្យ សិស្ស-និស្សិត សំលឹងទៅមើលប្រទេសលីប៊ីបច្ចុប្បន្ននេះ គឺប្រទេសនេះស្មើនឹងសូន្យ ដោយសារតែ គ្មានស្ថិរភាពនយោបាយ។ ដូច្នេះមានន័យថា ស្ថិរភាពនយោបាយដើរតួនាទីសំខាន់ខ្លាំងណាស់ បើអ្នកវិនិយោគបរទេស មកវិនិយោគនៅកម្ពុជា គឺពួកគេសំលឹងទៅមើលលើស្ថិរភាពនយោបាយ ប្រសិនបើស្ថិរភាពនយោបាយមិនសូវល្អទេ គេប្រើសេដ្ឋកិច្ចឆក់កន្តៀត ដោយឈរចាំមើលក្រុមអ្នកវិនិយោគមកទៅវិញ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបន្តថា ការវិនិយោគ គឺមិនត្រឹមតែជាចលករមួយសម្រាប់រក្សាកំណើនសេដ្ឋកិច្ចឱ្យមានស្ថិរភាពទេ ថែមទាំងជាចលករមួយជំរុញកំណើនសេដ្ឋកិច្ចឱ្យមានការលូតលាស់សម្រាប់រយៈពេលវែងផងដែរ។ ការវិនិយោគបាននាំមកនូវប្រភពទុន យ៉ាងសំខាន់ សម្រាប់ផលិតកម្ម ដើម្បីជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចមានដំណើរការ និងផ្តល់ប្រាក់ចំណេញ ដល់វិនិយោគិន។ លើសពីនេះទៀត ការវិនិយោគ ក៏បាននាំមកនូវចំណេះដឹង និងបច្ចេកវិទ្យាដែលជាកក្តាមួយជំរុញឱ្យមានកំណើនផលិតភាព ក្នុងប្រទេសព្រមទាំងរួមចំណែក បង្កើនផលិតភាព ដល់កម្លាំងពលកម្មផង និងផ្តល់នូវការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋផង ដែលជាលទ្ធផលបានធ្វើឱ្យកំណើនប្រាក់ចំណូល ត្រូវបានបែងចែកដោយខិតទៅភាពសមធម៌៕