(តាកែវ)៖​ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ លោក សុខ សំណាង នៅព្រឹកថ្ងៃ​ទី​១៣ ខែ​កក្ដដា ឆ្នាំ​២០១៨នេះ បានអញ្ជើញទៅប្រកាសបញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាឃុំភ្នំដិន ចំនួន១៦៨នាក់ នៅទីស្នាក់ការគណបក្សប្រជាជនឃុំភ្នំដិន។

ថ្លែងចំពោះសមាជិកបក្សលោក សុខ សំណាង បានធ្វើការអំពាវនាវឲ្យសមាជិកគណបក្សប្រជាជន នៅក្នុងឃុំភ្នំដិនទាំងអស់ ត្រូវអញ្ជើញទៅបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ខាងមុខនេះឲ្យបានគ្រប់គ្នា ដោយនាំគ្នាបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីឲ្យគណបក្សបន្តការដឹកនាំប្រទេសកម្ពុជា ឈានឆ្ពោះទៅរកការអភិវឌ្ឍ​ជឿនលឿនថែមទៀត។

បន្ថែមពីនេះ លោក សុខ សំណាង ក៏បានធ្វើការណែនាំដល់ក្រុមការងារ​គណបក្ស ក៏ដូចសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដល់ខ្នងផ្ទះ ហើយត្រូវផ្សព្វផ្សាយ អំពីគោលនយោបាយអាទិភាព របស់គណបក្សប្រជាជន ដែលសម្តេច​តេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ កាលពីថ្ងៃ ទី០៧ ខែកក្កដា ឆ្នាំ២០១៨កន្លងមក​ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាបកាន់តែច្បាស់​។

លោក សុខ សំណាង បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាឈ្នះមានន័យថា ប្រជាជនជាអ្នកឈ្នះទាំងអស់គ្នា ដូច្នោះសូមសមាជិកបក្ស និង​ប្រជាពលរដ្ឋទាំងអស់ត្រូវតែជឿជាក់ និងនាំគ្នាបោះឆ្នោតជូន​គណបក្ស​ប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីរក្សាសន្តិភាព និងភាពរីកចម្រើនរបស់ប្រទេសជាតិកាន់តែខ្លាំងក្លាថែមទៀត៕​