(ភ្នំពេញ)៖ មន្រ្តីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ គឺជាចលករដ៏សំខាន់សម្រាប់សង្គមជាតិ ជួយដល់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាកម្ម ជូនប្រជាពលរដ្ឋ បណ្តុះបណ្តាលធនធានមនុស្ស និងជំរុញការអភិវឌ្ឍប្រទេសជាតិ។ សម្រាប់កងកម្លាំងប្រដាប់អាវុធក៏មានតួនាទីយ៉ាងសំខាន់ថែមទៀតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។

រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងរយៈពេល៥អាណត្តិកន្លងទៅ បានយកចិត្តទុកដាក់ខ្ពស់លើការរស់នៅ និងជីវភាពរបស់មន្រ្តីរាជការស៊ីវិល គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ។

ក្នុងអាណត្តិទី៥កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចដំឡើងប្រាក់បៀវត្សរ៍មន្រ្តីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធបានកាន់តែខ្ពស់ ដែលមកដល់ពេលបច្ចុប្បន្នប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធមានចំនួនទាបបំផុតគឺ១លានរៀល ហើយសម្តេចតេជោ ហ៊ុន សែន តែងតែមានការឧបត្ថម្ភថវិកាជាប់ជានិច្ចរាល់ពេលបុណ្យជាតិធំៗដូចជាភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី។

សម្រាប់អាណត្តិទី៦ ប្រសិនបើគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោត មានសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី គឺនៅតែបន្តនយោបាយយកចិត្តទុកដាក់ចំពោះការរស់នៅ និងលើកកម្ពស់ជីវភាពមន្រ្តីរាជការស៊ីវិល គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ។

បោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី តើមន្ត្រីរាជការស៊ីវិល គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ ទទួលបានអត្ថប្រយោជន៍អ្វី?

នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រី បានថ្លែងថា នឹងបន្តដំឡើងប្រាក់បៀវត្សរ៍របស់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធជារៀងរាល់ឆ្នាំ និងបង្កើនប្រាក់សោធនរបស់និវត្តជន និងអតីតយុទ្ធ ដើម្បីជួយឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានខ្ញុំព្រះករុណា ខ្ញុំជានាយករដ្ឋមន្ត្រី នឹងរៀបចំបើកប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រាក់សោធនជូននិវត្តជន និងអតីតយុទ្ធជន តាមប្រព័ន្ធធនាគារក្នុងរយៈពេលពីរសប្តាហ៍ម្តង ដែលកិច្ចការនេះ គឺជាជំហានបន្តដ៏សំខាន់មួយទៀតនៅក្នុងការកែទម្រង់ប្រព័ន្ធបៀវត្សរ៍របស់រាជរដ្ឋាភិបាលសំដៅធានាឲ្យមន្ត្រីរាជការគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន ទទួលបាននូវប្រាក់បៀវត្សរ៍ និងប្រាក់សោធន ដែលនឹងត្រូវបានបន្តបង្កើនឡើងជាលំដាប់នោះ ប្រកបដោយតម្លាភាព គ្រប់ចំនួន និងទៀងទាត់ហើយទាន់ពេ»

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការបើកប្រាក់បៀវត្សរ៍ និងប្រាក់សោធនក្នុងរយៈពេល២សប្តាហ៍ម្តងជូនដល់មន្រ្តីរាជការស៊ីវិល និងជូននិវត្តជន និងអតីតយុទ្ធជន នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០១៩។ ដោយឡែកចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងរៀបចំធ្វើការសិក្សាដាក់ឲ្យអនុវត្តន៍ជាបន្តបន្ទាប់ទៅទៀត ដោយសារលក្ខណៈពិសេសនៃទីកន្លែងការងារដាច់ស្រយាលរបស់កងកម្លាំងប្រដាប់អាវុធ ដែលមិនទាន់មានសេវាធនាគារទៅដល់គ្រប់គ្រាន់នៅឡើយនោះ៕