(ឧត្តរមានជ័យ)៖ លោក គន់ គីម ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ ​និងជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ឧត្តរមានជ័យ​ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្តចុះជួប​សំណេះសំណាល​ ជាមួយ​ប្រជាពលរដ្ឋ​​ឃុំត្រពាំងតាវ​ ស្រុក​អន្លង់វែង ដើម្បីធ្វើការឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។​

ថ្លែងក្នុងឱកាសនោះ លោក ​គន់​ គីម បានលើកសសើរ​ការខិតខំរបស់ក្រុមការងារ​ និងគណបក្ស​គ្រប់​ថ្នាក់​ ព្រមទាំង​​អរគុណចំពោះសមាជិក​ សមាជិការគណបក្ស​ និង​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម និងគាំទ្រគណបក្ស​ប្រជាជន​ ក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ​យ៉ាងសស្រាក់សស្រាំ​ ការ​សម្រេច​ចិត្ត​​ក្នុងការគាំទ្រ​គណបក្ស​ប្រជាជន​ គឺពិតជា​ត្រឹមត្រូវ​ ពី​ព្រោះ​មានតែគណ​បក្ស​ប្រជាជន​ទេដែលរួមសុខរួមទុក្ខជាមួយ​ប្រជាពលរដ្ឋ​ ទីណា​ប្រជាពលរដ្ឋ​មានទុក្ខលំបាក​ ទីនោះមានមុខគណបក្ស​ប្រជាជន​ជួយដោះស្រាយ​ មិនដូចគណបក្សផ្សេងដែលដើរសន្យាចោល​។

បើតាមលោក គន់ គីម ក្រោមការដឹកនាំរបសគណបក្សប្រជាជនកម្ពុជា ការយកពន្ធមួយចំនួនត្រូវបានលុបចោល ក្នុងនោះរួមមានការលុបចោលការ យកពន្ធលើដីស្រែ ការយកពន្ធលើការលក់ដូរកញ្ច្រែង កញ្ជើល្អី​ រួមទាំងការលុបចោលការយកពន្ធលើផ្នែកមួយចំនួនទៀត​ ជីវភាពរស់នៅប្រចាំ​ថ្ងៃ​ របស់​ប្រជាជនត្រូវបាន​លើកកម្ពស់​ជាបន្តបន្ទាប់។

លោកសង្កត់ធ្ងន់ថា បើ​គណបក្សប្រជាជនកម្ពុជាឈ្នះ​ឆ្នោត​ គណបក្ស​ប្រជាជននឹងបន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឲ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឲ្យប្រជាជនមានជីវភាពរស់នៅ​យ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាក់ផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព, កាត់បន្ថយថ្លៃអគ្គិសនី ចាប់ពីឆ្នាំ២០១៩ និង២០២០​ខាងមុខនេះ​ ដើម្បី​អនុវត្ត​ការបញ្ចុះ​តម្លៃ​អគ្គិសនី​បានរដ្ឋត្រូវលះបង់ចំណូលពន្ធ៤០លានដុល្លារ ក្នុង១ឆ្នាំ។

លោក គន់ គីម បានបញ្ជាក់ថា ដើម្បីឲ្យ​គណបក្ស​ប្រជាជន​ មានឱកាស​អនុវត្តបានតាមការ​លើកឡើងខាងលើ​ ក្នុងនាម​លោកជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តឧត្តរមានជ័យ​ សូមឲ្យ​ប្រជាពលរដ្ឋ​បន្តបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ជាបន្តទៀត ដែលមានលេខរៀងទី២០៕