(ភ្នំពេញ)៖ ក្រោយពីដាំបង្គោលភ្លើងបំពាក់អំពូល Solar LED ដើម្បីបំភ្លឺតាមបណ្ដាផ្លូវសាធារណៈមួយចំនួននៅសង្កាត់គីឡូម៉ែត្រលេខ៦, លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ មានការរួមដំណើរដោយថ្មើរជើងពីលោក សយ កុសល ចៅសង្កាត់ទួលសង្កែទី១ ព្រមទាំងមន្ត្រីរាជការ បុគ្គលិកសាលាខណ្ឌ និងមេភូមិ បានចុះសួរសុខទុក្ខ ដើម្បីស្វែងយល់រកដំណោះស្រាយ រាល់បញ្ហាផ្សេងៗ និងទទួលយកសំណូមពរ ក្នុងការសិក្សារកទីតាំងដាក់បង្គោលភ្លើងសូឡា (Solar LED) បន្ថែមសម្រាប់បំភ្លឺតាមដងផ្លូវសាធារណៈមួយចំនួន តាមសំណូមពរប្រជាពលរដ្ឋ រស់នៅតាមខ្នងផ្ទះ ក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពផ្សេងៗ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ។
ក្នុងសកម្មភាពខាងលើនេះ លោក ជា ពិសី គ្រោងបំពាក់អំពូលភ្លើងសូឡា Solar LED ប្រើពន្លឺថ្ងៃបន្ថែមនៅតាមបណ្ដាផ្លូវសាធារណៈមួយចំនួនទៀត ក្នុងពេលឆាប់ៗនេះ ក្នុងចំណោមសង្កាត់ទាំង៧ នៃភូមិសាស្ត្រខណ្ឌឬស្សីកែវ ដែលសរុបតម្លៃជាង១ម៉ឺនដុល្លារ ដើម្បីបំភ្លឺផ្លូវឡើងវិញ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពផ្សេងៗ ក្រោយពីទទួលបានសំណូមពរ និងតម្រូវការចាំបាច់ចំពោះមុខ ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្រោមជំនួយឧត្ថម្ភពីសមាគមន៍ចិនគ័ងតុង។
លើសពីនេះ លោក ជា ពិសី ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋគ្រប់រូប គួរបំពេញកាតកិច្ច ក្នុងការចូលរួមបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្ដដាខាងមុខ ហើយធ្វើការជ្រើសរើសឲ្យបានច្បាស់លាស់ ចំពោះគណបក្សនយោបាយណាមួយ ដែលយើងពេញចិត្ត និងជួយយើងទាំងអស់គ្នាបាន ជួយជាតិបាន និងដើម្បីទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍន៍បន្ដទៀត៕