(ព្រះវិហារ)៖ នៅចំពោះមុខនាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងការពារតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រកាសទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពទាំងឡាយ ដែលប្រឆាំងរាជរដ្ឋាស្របច្បាប់។
បទបញ្ជានេះ បានធ្វើឡើង ខណៈមេបញ្ជាការសឹករងព្រះវិហាររូបនេះ រួមជាមួយថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹក បានអញ្ជើញចុះផ្សព្វផ្សាយការងារមួយចំនួន ជូនដល់កងកម្លាំងជួរមុខប្រមាណ១៤៦ នាក់តាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដាក់ចេញនូវទិសដៅមួយចំនួន សម្រាប់ឲ្យនាយទាហាន នាយទាហានរង និងពលទាហាន យកទៅអនុវត្តជាចំបាច់ដែលជាកាតព្វកិច្ច របស់កងទ័ពរួមមាន៖ ការពារព្រំដែនឲ្យបាន១០០% ទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ត្រូវក្តាប់អំពីសភាពការណ៍ថ្មីៗ និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ ទប់ស្កាត់ និងបង្រ្កាបនូវរាល់សកម្មភាពទាំងឡាយណា ដែលប្រឆាំងនិងរាជរដ្ឋាភិបាលស្របច្បាប់។
ម្យ៉ាងវិញទៀត ត្រូវមានវិធានការណ៍ក្នុងកិច្ចការការពារថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ និងការពារសិទ្ធិបុគ្គលក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ និងពិសេសត្រូវគោរពក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទឲ្យបានល្អ និងត្រូវថែរក្សាសុខាពឲ្យបានល្អផងដែរ។
នៅក្នុងឱកាសនោះដែរ លោកមេបញ្ជាការ ក៏បានឧបត្ថម្ភថវិកាដល់អង្គភាពវរសេនាតូចលេខ១ផងដែរ៕