Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាបង្កើតសមាគមផ្នែកវិភាគហិរញ្ញវត្ថុ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

13-07-2018 14:48

(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងការដាក់សម្ពោធជាផ្លូវការ នូវការបង្កើតសមាគម Chartered Financial Analyst (CFA) ប្រចាំកម្ពុជា។

ការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវសមាគម CFA នេះធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។ សូមបញ្ជាក់ថា សមាគម CFA ជាសញ្ញាបត្រឯកទេស ខាងផ្នែកវិភាគហិរញ្ញវត្ថុ ដែលត្រូវបានទទួលស្គាល់ទូទាំងសកលលោក។

លោស្រី ជា សិរី បានសម្ដែងការអបអរសាទរចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មការដឹកនាំសមាគម CFA ប្រចាំកម្ពុជា ក្នុងការបង្កើតសមាគមនេះឡើង។

សមាគម CFA បានឆ្លុះបញ្ចាំងពីស្មារតីខ្ពស់ ក្នុងការចូលរួមកសាងធនធានមនុស្សនៅកម្ពុជា ជាពិសេស ធនធានមនុស្ស ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ទន្ទឹមនេះលោកស្រី បានចូលរួមចែករំលែក នូវបទពិសោធន៍ជោគជ័យនានា របស់ធនាគារជាតិនៃកម្ពុជា ក្នុងការបង្កើតកម្មវិធីផ្ទៃដើម្បីជំរុញទឹកចិត្តបុគ្គលិក ឲ្យបន្តការសិក្សាកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ និងសញ្ញាបត្រជំនាញដូចជា CFA, CPA, ACCA និង FSI-Connect៕