(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី រួមនិងក្រុមការងារ អាជ្ញាធរមន្ត្រីរាជការស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ បាននាំទៀនព្រះវស្សា និងទេយ្យវត្ថុ បច្ចយ័ប្រគេនព្រះសង្ឃចំនួន៧វត្ត នៅតាមភូមិឃុំនានាទូទាំងស្រុក។
នៅក្នុងឱកាសនោះលោក សំ លាងទ្រី បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជូនចំពោះព្រះសង្ឃ លោកយាយ លោកតា និងប្រជាពលរដ្ឋនៅក្នុងស្រុកសង្គមថ្មីនេះ។ លោក សំ លាងទ្រី បានបន្តថា វិសយ័ព្រះពុទ្ធសាសនាបច្ចុប្បន្ននេះត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ ត្រូវបានលើកតម្លើង ដែលខុសពីសមយ័ប៉ុលពតវិស័យព្រះពុទ្ធសាសនា ត្រូវបានថ្នាក់ដឹកនាំក្នុងរបបនោះធ្វើការលប់បំបាត់ចោល ដោយវត្តអារ៉ាមនានាត្រូវបានគេយកធ្វើជាឃ្លាំងដាក់សម្ភារ ដោយមិនឲ្យប្រជាពលរដ្ឋបានធ្វើបុណ្យទានឡើយ។
លោក សំ លាងទ្រី បន្តថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ វិសយ័ព្រះពុទ្ធសាសនាក៏ដូចជា វិសយ័ផ្សេងៗទៀត ត្រូវបានកកើតឡើងវិញ ដើម្បីរួមចំណែកការស្តារ និងអភិវឌ្ឍប្រទេសជាតិឲ្យរីកចំរើនជឿនលឿនរហូតមកដល់សព្វថ្ងៃនេះ ដែលនេះគឺផ្តើមចេញពីការលះបង់របស់ថ្នាក់ដឹកនាំគ្រប់រូប របស់គណបក្សប្រជាជនកម្ពុជាយើង។
ជាមួយគ្នានេះដែរលោកក៏បានជម្រុញឲ្យលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើការគាំទ្ររាជរដ្ឋាភិបាល គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍតទៅទៀត ហើយលោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋ យើងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះទៅ៕