(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ប្រធានសមាគមនារីខណ្ឌឬស្សីកែវ រួមដំណើរដោយលោកស្រី សួស សូលីដា អនុប្រធានសមាគម និងជាអភិបាលរងខណ្ឌ ជាមួយសមាជិកាខណ្ឌ-សង្កាត់ តំណាងលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានចុះសួរសុខទុក្ខមេ៥០ខ្នង និងចាស់ជរាមានជម្ងឺប្រចាំកាយ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍ ទី១៥រោច ខែបឋមាសាឍឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងសកម្មភាពសួសុខទុក្ខ ខាងលើនេះ លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ក៍បានផ្ដាំផ្ញើសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ដីពីស្ថានភាពជាក់ស្ដែង ពិតប្រាកដរបស់ជនទីទាល់ក្រ ក្នុងនោះមានទាំងអ្នកជំងឺរ៉ាំរ៉ៃចាស់ជរា ពិការភាព ទុរគតជន គ្មានទីពឹងជួលផ្ទះគេ និងចាំផ្ទះឲ្យគេ ឫជួបឧបត្តវហេតុផ្សេងៗ ជាដើម «ពោលជនងាយរងគ្រោះ» ដើម្បីមានវិធានការរិះរកដំណោះស្រាយជូនឲ្យទាន់ពេលវេលា និងទាន់សភាពការស្របទៅតាមអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ។

លើសពីនេះ លោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា បានលើកទឹកចិត្តដល់អ្នកមានជំងឺឲ្យខំតស៊ូថែរក្សាសុខភាពឲ្យបានល្អប្រសើរក្នុងជីវិតរស់នៅដោយមានក្ដីសង្ឃឹមជានិច្ច ដើម្បីចាំមើលការរីកចម្រើនរបស់ប្រទេសជាតិ ដែលកំពុងបន្តឥតឈប់ឈរអភិវឌ្ឃន៍ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕