(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានចេញសេចក្ដីប្រកាសឱ្យដឹងថា ក្នុងពេលថ្មីៗនេះ មានក្រុមឱកាសនិយមមួយចំនួន​ បានយកឃ្លីបវីដេអូចាស់ៗ អំពីការចុះត្រួតពិនិត្យពលករបរទេសពីសំណាក់អាជ្ញាធរថៃ មកផ្សព្វផ្សាយឡើងវិញតាមបណ្ដាញសង្គម Facebook ក្នុងគោលបំណងបំពុលសង្គម បង្កការភ្ញាក់ផ្អើល និងកេងចំណេញផ្នែកនយោបាយ ពីពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើនៅប្រទេសថៃ។

តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ​ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ
ក៏បានអំពាវនាវដល់ពលករខ្មែរដែលមានឯកសារសម្រាប់ស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមរក្សាភាពស្ងៀមស្ងាត់ និងបន្តអនុវត្តការងារតាមធម្មតា។

ស្ថានទូត​ បានជម្រាបដល់ពលករខ្មែរដែលមិនទាន់មានឯកសារស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ត្រូវប្រញាប់រួសរាន់ទំនាក់ទំនងជាមួយស្ថានទូតខ្មែរនៅថៃ ដើម្បីដាក់ពាក្យស្នើសុំលិខិតធ្វើដំណើរបណ្ដោះអាសន្ន មុនធ្វើដំណើរត្រឡប់មកកម្ពុជាដើម្បីរៀបចំឯកសារស្របច្បាប់ និងត្រឡប់ទៅធ្វើការក្នុងប្រទេសវិញ តាមរយៈប្រព័ន្ធ MoU។

ជាមួយគ្នានោះ ស្ថានទូតខ្មែរនៅថៃក៏បានប្រាប់ពីលេខទូរស័ព្ទមន្ត្រីរបស់ខ្លួនផងដែរ ដើម្បីឱ្យពលករខ្មែរដែលមិនទាន់មានឯកសារស្នាក់នៅ និងធ្វើការនៅថៃ អាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែម ក្នុងនោះរួមមាន៖ ០២ ៩៥៧ ៥៨៥១/ ០៩២ ៨០៥ ០៥៦១/ ០៩៤ ០៩២ ៥៩០៥/ ០៨៦ ៧៩៩ ៩៩៥៧/ ០៦៤ ៧៥៥ ៧៤០១៕