(ភ្នំពេញ)៖ ផ្លូវបេតុង២ខ្សែ ប្រវែង៤០០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតក្នុងភូមិភា និងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ បានបើកការដ្ឋានសាងសង ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោក នុត ពុធដារ៉ា បានថ្លែងថា នៅក្នុងមូលដ្ឋានខណ្ឌដង្កោ ទាំងមូលភាគច្រើន គឺជាផ្លូវបេតុង ដែលអាជ្ញាធរខិតខំស្ថាបនា សម្រាប់បម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋទូទៅ។ ទន្ទឹមនិងនេះ ពលរដ្ឋរស់នៅក្នុងខណ្ឌដង្កោ ក៏មានជីវភាពល្អប្រសើរផងដែរទាំងនេះក៏ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
នាឱកាសនោះលោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងបានគិតគូរពីការលំបាកបញ្ហា និងតម្រូវការនានា របស់បងប្អូនរស់នៅក្នុងមូលដ្ឋាន។ លោកក៏បានលើកឡើង អំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក្រកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឱ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធាក្រោមដំបូលសន្តិភាព។
ជាក់ស្តែង ផ្លូវទាំង០២ខ្សែ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៨ ដោយខ្សែទី១ ស្ថិតក្នុងភូមិភា ប្រវែង ២៨០ម៉ែត្រ ទទឹង០៥ម៉ែត្រ និងខ្សែទី២ ស្ថិតក្នុងភូមិអង្គ ប្រវែង ១២០ម៉ែត្រ ទទឹង០៥ម៉ែត្រ ដែលផ្លូវទាំង០២ខ្សែនេះ និងជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរទទួលទាន របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបង្កើនផាសុខភាពក្នុងការរស់នៅផងដែរ។ ជាមួយគ្នានេះផងដែរ លោកអភិបាលក៏បានសំណូមពរ ប្រជាពលរដ្ឋទាំងអស់ សូមទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
នាក្នុងសកម្មភាពនេះ បងប្អូនប្រជាពលរដ្ឋ ក៏បានធ្វើការថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរដល់ការលំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិឆ្ពោះ ទៅកាន់ភាពរីកចម្រើនសម្បូរសប្បាយតទៅមុខទៀត៕